រដូវផ្សិតផ្ចាក់មកដល់ហើយឆ្នាំនេះមានហាងឆេងខ្ពស់អ្នកធ្វើតាមផ្លូវជាតិលេខ១ទៅក្រុងបាវិតកុំភ្លេចជួយទិញផង

(ស្វាយរៀង)៖រដូវផ្សិតផ្ចាក់បានមកដល់ហើយ ពលរដ្ឋនៅភូមិព្រៃផ្ដៅសង្កាត់បាទីក្រុងបាវិតនាំគ្នាសម្រុកទៅដកផ្សិតយកមកលក់ដោយបានតម្លៃសមរម្យបន្ថែមចំណូលក្នុងការផ្គត់ផ្គង់ជីវភាពបានមួយកម្រិត។បើតាមស្ត្រីម្នាក់កំពុងលក់ផ្សិតផ្ចាក់បានឲ្យដឹងថាសម្រាប់ក្រុមគ្រួសារគាត់ពេលទំនេរបាននាំគ្នាទៅដកផ្សិតនៅតាមព្រៃផ្ចាក់នឹងប្រេងខ្យល់នៅតាមសហគមន៍ព្រៃកូនគគីនៅក្រុងបាវិតដើម្បីយកមកលក់។ដោយក្រុមគ្រួសាររបស់គាត់មានគ្នា៥នាក់ដកផ្សិតចាប់តាំងពីម៉ោង ២និង០០នាទីយប់រហូតដល់ម៉ោង៥ទៀបភ្លឺអ្នកខ្លះបាន១គីឡូ និងអ្នកខ្លះទៀតដកបានដល់ទៅ៥គីឡូក្រាមទៅតាមសហគមន៍ផ្សេងគ្នាដែលមានផ្សិតដុះតិច ច្រើន ហើយយកមកលក់នៅតាមចញ្ចើមផ្លូវជាតិលេខ ១ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ឈប់ទិញដោយឃើញផ្សិតផ្ចាក់ធម្មជាតិ។ចំណែកតម្លៃផ្សិតផ្ចាក់វិញ១គីឡូក្រាមលក់ចេញបាន២០០០០រៀលទៅ៣០០០០រៀលគឺមានតម្លៃខ្ពស់គួរសម។ស្ត្រីដដែលបានបន្តទៀតថាក្រៅពីការងាររោងចក្រនិងនិងស្រែចម្ការនោះហើយគួបផ្សំនៅរដូវនេះមានភ្លៀងធ្លាក់មួយមេពីរមេមកមានផ្សិតដុះអ្នកស្រុកអ្នកភូមិក៏នាំគ្នាទៅដកយកមកទុកធ្វើម្ហូបអាហារនឹងយកមកលក់យកថវិការផ្គត់ផ្គង់ជីវភាពគ្រួសារ។ប្រភពខាងលើបានបញ្ជាក់បន្ថែមថាការដកផ្សិតនេះមិនមែនជាអាជីពប្រចាំដូចការងាររោងចក្រនិងធ្វើស្រែចម្ការឬលក់ដូរនោះទេ គ្រាន់តែបានថវិការបន្តិចបន្ទួចដើម្បីផ្គត់ផ្គង់បន្ថែមប៉ុណ្ណោះព្រោះផ្សិតដុះនៅតែដើមឆ្នាំគឺនៅពេលភ្លៀងធ្លាក់ដំបូងហើយមានរយៈពេលដុះផ្សិតវិញប្រហែលជាបីខែហើយក៏មិនអាចដកបានរាល់ថ្ងៃនោះទេ។សូមបញ្ជាក់ថាផ្សិតផ្ចាក់គឺអ្នកខេត្តស្វាយរៀងចូលចិត្តបរិភោគខ្លាំងណាស់គឺអាចយកទៅធ្វើមុខម្ហូបបានច្រើនមុខដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ ជ្រូក ខសាច់ជាដើមដោយមានរស់ជាតិល្វីងតិចៗប៉ុន្តែឆ្ញាញ់៕