ភ្នំពេញ ៖ នៅវេលាម៉ោង ០២និង១០ នាទីទៀបភ្លឺ ថៃ្ងពុធ ១៥រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧៧BT ភូមិចំរើនផល២ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ពុត សោភ័ណ្ឌ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ មន្ត្រីបំរើការនៅសាលារាជធានីភ្នំពេញ ។
ផ្ទះដែលរងការខូចខាតជាប្រភេទសំណង់ ថ្មក្រោមឈើលើ (ទំហំ១០ម៉ែត្រx១៨ម៉ែត្រ)។
សំភារៈខូចខាតរួមមាន ៖ ឆេះម៉ូតូចំនួន ០៥ គ្រឿង ម៉ាស៊ីនភ្លើង ០១ គ្រឿង សំភារៈប្រើប្រាស់អស់ទាំងស្រុង និងពុំបណ្តាលអោយរាលដាលដល់អ្នកជិតខាងឡើយ។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការខាងលើកម្លាំងបានប្រើ រថយន្តការិ.អគ្គិភ័យ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ ឡានស្មើរនឹង ២៤ ម៉ែត្រគូប, រថយន្តជំនួយ ក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ ឡានស្មើរនឹង ១២ ម៉ែត្រគូប, រថយន្តជំនួយ ក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន ស្មើរនឹង ០៦ ម៉ែត្រគូប ផងដែរ។
ប្រតិបត្តិការជួយសង្គ្រោះករណីអគ្គីភ័យនេះដែរបានពន្លត់ចប់នៅវេលាម៉ោង០៣ និង០០នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល។
ហើយចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕




































