ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី១ និងលើកទិសដៅ អនុវត្តបន្តក្នុងត្រីមាសទី២ និងពិភាក្សាពីបញ្ហាការងារត្រៀមរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ កិច្ចប្រជុំបានធ្វើឡើងនៅសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកា សាខា សមាជិក សមាជិកាកិត្តិយសសាខានិង អនុសាខាក្រុង ស្រុកទាំង៨ ព្រមទាំងក្រុមប្រតិបត្តិសាខា សរុបចំនួន៣៨រូប ។ក្នុងរបាយការណ៍លទ្ធផលសកម្មភាពការងារជារួម សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត សម្រេចបាននៅក្នុងត្មាសទី១ឆ្នាំ២០២០នេះ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ បានបង្ហាញឲ្យឃើញថា មានលក្ខណៈយ៉ាងសកម្មផុលផុស ដោយបានជួយដោះស្រាយបញ្ហាប្រឈមនានា ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅតាមសហគមន៍មូលដ្ឋាន បានទាន់ពេលវេលានិងមានប្រសិទ្ធភាព ។ ក្នុងនោះទាំងការងារគ្រប់គ្រងគ្រោះមហន្តរាយ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងការងារអភិវឌ្ឍស្ថាប័ននិងធនធាន មានលក្ខណៈកាន់តែសកម្ម និងរឹងមាំខ្លាំងក្លាគួរឱ្យប្រសើរ ។
ជាពិសេសក្នុងដំណាក់កាលចូលរួមចំណែកយ៉ាងធំធេង ឆ្លើយតបតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លង និងការរីករាលដាលជំងឺកូវីដ១៩ ដោយបានធ្វើការចុះអប់រំផ្សព្វផ្សាយ ផ្ដល់ជាអំណោយសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត និងស្បៀងអាហារជូនដល់ប្រជាពលរដ្ឋ ដែលប្រឈមការខ្វះខាតនិងងាយរងគ្រោះក្នុងសហគមន៍បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ជាមួយនោះ កិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ នេះ ក៏បានសម្រេចអនុវត្តតាមគោលការណ៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយពុំចាំបាច់រៀបចំអង្គមីទ្ទិញ ឬពិធីណាមួយដែលប្រមូលផ្ដុំមនុស្សច្រើន នាំឲ្យប្រឈមនឹងការឆ្លងកូវីដ១៩ ដោយគ្រាន់តែ ធ្វើការអំពាវនាវ រកការគាំទ្រពីសប្បុរសជននិងបង្កើតជាក្រុមការងារទទួលមូលនិធិពីសប្បុរស់ជនព្រមទាំងធ្វើការថ្លែងអំណរគុណចំពោះសប្បុរសជនតាមប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តតែប៉ុណ្ណោះ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារ ដែលសាខាកាកបាទក្រហមខេត្តកំពត អនុវត្តបានល្អ ដោយសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសាខា និងអនុសាខាកាកបាទក្រហមក្រុង ស្រុក ព្រមទាំងអ្នកស្ម័គ្រចិត្ត រួមនិងសប្បុរសជនទាំងអស់ ដែលតែងតែបានសហការគាំទ្រ ក្នុងដំណើរការងារ បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ ដើម្បីធ្វើយ៉ាងណារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ ជូនដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបានចំគោលដៅទាន់ពេលវេលាយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមជាវ តាយ ក៏បានចាត់ទុកលទ្ធផល សកម្មភាពសម្រេចបានទាំងអស់ខាងលើនេះ គឺមិនអាចកាត់ផ្ដាច់ចេញពីការខិតខំយកចិត្តទុកដាក់យ៉ាងសកម្ម ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រមទាំងអ្នកស្ម័គ្រចិត្ត គ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ដែលបានរួមសហការគ្នាជាកម្លាំងមនុស្សធម៌ ដ៏ឧត្តុងឧត្តមមួយនេះបានឡើង។ ឯកឧត្តម ក៏បានសំណូមពរផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខា អនុសាខា ក្រុង ស្រុកនិងមន្ត្រីប្រតិបត្តិទាំងអស់ ត្រូវបន្តខិតខំ យកចិត្តទុកដាក់រួមសហការគ្នា បំពេញបេសកកម្មការងារមនុស្សធម៌នេះ ឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។ ពិសេសរួមគ្នា ជាកម្លាំងសាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ឲ្យអស់ពីភពផែនដីយើងនេះ ដែល បច្ចុប្បន្នពិភពលោកក៏ដូចកម្ពុជាយើងកំពុងជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរ នៃជំងឺឆ្លងដ៏កាចសាហាវនេះ។