|កំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះសូទិន បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង និងជនពិការចំនួន៤៦គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម (ឃុំពង្រ ១១គ្រួសារ និងឃុំល្វេ ៣៥គ្រួសារ)។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងវិធានការ ដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែកសម្រាប់អ្នកបងប្អូនពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស ការប្រើប្រាស់ម៉ាស ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ ដើម្បីការបង្ការ និងទប់ស្កាត់ ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ ១៩ និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ ១៩ និងសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ និងបន្តបានផ្សព្វផ្សាយអំពីវិធានការ ការពារ អប់រំអំពីអនាម័យ និងបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋ។អំណោយដែលបាននាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥ គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ, ឃីត ០១កញ្ចប់ (មុង ០១ ភួយ ០១ សារុង ០១ និង ក្រមា ០១) ថវិកា ២០,០០០រៀល និងសាប៊ូ២ដុំ។ ដោយឡែក គ្រួសារពិការ ១ គ្រួសារ ឧបត្ថម្ភរម៉ក១ គ្រឿង ថវិកា ២ លានរៀល។ ផ្តល់ថវិការអធិការដ្ឋានស្រុក កោះសូទិនចំនួន ១០ លានរៀល ថ្លៃចាក់ដី ក្នុងបរិវេណអធិការដ្ឋាន។