ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងថា ឈ្នះមេរោគកូវីដ១៩នោះសូមឲ្យយើងទាំងអស់គ្នាត្រូវស្តាប់ការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បន្តការយកចិត្តទុកដាក់ការពារខ្លួននិងត្រូវចងចាំគ្រប់ពេលវេលាថាជម្ងឺកូវីដ១៩ គឺជាជម្ងឺឆ្លងរាតល្បាតដ៏កាចសាហាវ បំផុតដែលក្នុងមួយតែប៉ព្រិចភ្នែកវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័ស។ ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជូនលោកតា លោកយាយ ជនពិការ ស្ត្រីជួបកង្វះខាតស្បៀងចំនួន៣៤គ្រួសារ រស់នៅត្រង់ចំណុច ដំណាក់កន្សែង ច្រកព្រាល និងត្រពងពង់ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរនិងថវិកា ២ម៉ឺនរៀល នៅវត្តគិរីបុព្វតាសីលាមានជ័យ នាព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ ដោយមានការចូលរួមពីលោកខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខានិងលោកស្រី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជាខេត្តព្រមទាំងអាជ្ញាធរស្រុក ឃុំនិងភូមិផងដែរ។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងដោយពាំនាំនូវការផ្តាំផ្ញើនិងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកាបាទក្រហមកម្ពុជា ព្រោះថាសម្តេចទាំងទ្វេ តែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសនិយាយរួមដោយនៅខេត្តពោធិ៍សាត់ សម្តេចបានចាត់ឲ្យក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកស្បៀងនិងសម្ភារៈ ទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបកង្វះខាតស្បៀង ដោយពួកគាត់មិនអាចចេញទៅប្រកបមុខរបរបាននាអំឡុងនៃរីករាលដាលជម្ងឺកូវីដ១៩ឲ្យបានទាន់ពេលវេលានិងគ្រប់ទី កន្លែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាក់ស្តែងដូចពេលនេះ ជាសក្ខីភាពស្រាប់។ ឯកឧត្តមបានថ្លែងជម្រាបជូនថា ដើម្បីយកឈ្នះនៃជម្ងឺកូវីដ១៩នោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកូនក្មួយចំណាកស្រុកដែលបានវិលត្រឡប់មកស្រុកកំណើតវិញនោះ ត្រូវអនុវត្តទៅតាមវិធានការនិងស្តាប់នូវការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលទើបគ្មានការឆ្លង ព្រោះថាកន្លងមក សម្តេចបានដាក់វិធានការណ៍៣គឺ ១-ការទប់ស្កាត់មិនឲ្យមានការបន្តនាំជម្ងឺចូលមកកម្ពុជា ២-ទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេសនិង៣-ព្យាបាលអ្នកដែលបានឆ្លងជម្ងឺកូវូដ១៩។ តាមរយៈនេះក្នុងនាមអាជ្ញាធរខេត្តពោធិ៍សាត់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្ត ទុកដាក់បង្ការការពារខ្លួនដោយយកជាប់ជាមួយនូវម៉ាស ទឹកអាកុល ដុសលាងសម្អាតជាប្រចាំ យើងទាំងអស់គ្នាត្រូវចងចាំ កុំមើល ស្រាល កុំធ្វេសប្រហែស និងត្រូវចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ទាំងអស់គ្នា សំដៅធ្វើយ៉ាងណាឲ្យខ្លួនយើង ក្រុមគ្រួសារយើងនិងសហគមន៍យើងគ្មានមេរោគកូវីដ១៩ ។ឯកឧត្តម បានសំណូមពរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ទាំងអស់ត្រូវរួមគ្នា អនុវត្តនិងថែរក្សាឲ្យបាននូវភូមិឃុំមានសុវត្ថិភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។ ជាងនេះទៅទៀតគប្បីយកចិត្តទុកដាក់អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជារៀងរាល់ថ្ងៃ ហេតុសូមឲ្យប្រជាពលរដ្ឋនិងអ្នកបើកបរទាំងអស់បង្កើនការប្រុងប្រយត្ន័និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានព្រមៗគ្នា ៕