ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំចុះសួរសុខទុក្ខអតីតយុទ្ធជនពិការបួនគ្រួសារជីវភាពលំបាកខ្វះខាត 

កំពង់ធំ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសហការី ចុះសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនពិការបួនគ្រួសារ និង ប្រជាពលរដ្ឋពិការមួយគ្រួសារ មានជីវភាពលំបាកទីទ័លក្រ មួយគ្រួសារ នៅក្នុងបរិវេណបញ្ជាការដ្ឋានផ្នែកសឹករង ស្ទឹង សែន  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀល ថ្ងៃ ទី ២៣  ខែ មេសា  ឆ្នាំ ២០២០  ។

អតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋពិការ មានជីវភាពខ្វះខាត ត្រូវបាន ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  នាំយកនូវអំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន  ម៉ាណែត  មេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា  បានឧបត្ថម្ភជូន ក្នុងម្នាក់ៗទទួលបានអង្ករចំនួន២៥ គីឡូក្រាម  មីមួយកេស  ទឹកត្រីទឹកស៊ីអ៊ីវ២ យួរ សាប៊ូមួយដុំ ក្រម៉ាមួយ  និងថវិកាមួយចំនួនផងដែរ  ។

ឯកឧត្តម សោម  ស៊ុន  អំពាវនាវបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារត្រូវខិតខំថែរក្សាសុខភាព   ចូលរួម ចំណែកទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ កុំឲ្យឆ្លងដល់ខ្លួនយើង គ្រួសារ ឬសហគមន៍ ដោយបច្ចុប្បន្ននៅលើពិភពលោក មានមនុស្សជាងពីរលាននាក់ មកហើយ បានឆ្លងមេរោគកូវិដ១៩ និងមានមនុស្សរាប់ម៉ឺននាក់ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ១៩។

លោកវរសនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បាន ធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនអតីតយុទ្ធជន ត្រូវប្រុងប្រយ័ត្នការ ពារទប់ស្កាត់  ប្រឆាំងនិងមេរោគកូវីដ១៩  ដោយឧហ្សាហ៍លាងសំអាតដៃ និងសាប៊ូ ឬ អាល់កុល ត្រូវពាក់ ម៉ាស់នៅពេលចូលចំណោមមហាជន បើមានការសង្ស័យត្រូវប្រញាប់ ទៅពិគ្រោះជាមួយគ្រូពេទ្យ ឬទូរសព្ទ ទៅលេខ១១៥ ដោយឥតគិតថ្លៃ   ។

ដោយ ប៊ុន រដ្ឋា