ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី២៣ខែមេសានេះ បានជំរុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាន រួមសហការគ្នា ពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញឲ្យហើយតាមផែនការនៅក្នុងរដូវវស្សានេះ ដើម្បីបញ្ជៀសការជនលិចដោយជំនន់ទឹក។
នៅក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ស្ថាបនា ប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងតំបន់ខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា ប្រព័ន្ធប្រឡាយទំាងនេះ មានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិច ដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញពាក់ព័ន្ធត្រូវសហការគ្នា ធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយការជន់លិច និងប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យ ត្រូវធ្វើឲ្យរួចរាល់ក្នុងរយៈពេល២ខែទៀត ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ ដែលកំពុងរស់នៅក្រោយស្ពានស្ទឹងមានជ័យ អាចរើទៅរស់នៅទីតំាង ដែលអាជ្ញាធររៀបចំជូននៅក្បែរប្រព័ន្ធប្រឡាយនោះ។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងលើនេះ គឺដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ដែលសម្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ចំណែក លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូង ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់កាលទី១ ពីស្ពានស្ទឹងមានជ័យដល់ប្រឡាយទឹកដើមស្លែង សម្រេចបានជាង៧៨ភាគរយ ចំណែកតំបន់៤ សម្រេចបានជាង៤០ភាគរយ។ យ៉ាងក្រុមការងារកំពុងបន្តយ៉ាងសកម្ម ដើម្បីឱ្យរួចរាល់ទៅតាមផែនការ៕