កំពង់ចាម: អនុប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលយក អំណោយជាម៉ាស់ចំនួន៣០,០០០ម៉ាស់ និងអាល់កុលចំនួន១២០លីត្រ ស្មើនឹង២៤០ដប ដែលគណៈកម្មាធិការប្រជាជនខេត្តតៃនិញនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង-ស្មាច់ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមប្រឆាំងជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហាន កុសល បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចែករំលែក និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩
នេះជាកាយវិការប្រកបដោយសប្បុរស និងបង្ហាញ ឲ្យឃើញពីសាមគ្គីភាព មិត្តភាព រវាងខេត្តទាំងពីរ (កំពង់ចាម -តៃនិញ) ជួយគ្នាក្នុងគ្រាលំបាក ហើយសម្ភារៈទាំងនេះ ផងដែរ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ បម្រើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩៕





































