លោក​ ​អ៊ុម​ វិបុល​ ប្រគល់​សម្ភារៈ​ជូន​ អាជ្ញាធរស្រុក​កងមាស​ ដេីម្បី​បន្ត​​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩

0

កំពង់ចាម​: សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ ខេត្តកំពង់ចាម​ តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត​ និងជាប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២០នេះ​ បាន​នាំយក​នូវ​សំភារៈមួយចំនួន​ទៅ​ប្រគល់​ជូន​ សមាជិកអនុសាខាកាកបាទក្រហមកម្ពុជា​ និង​នៅតាម​មណ្ឌលសុខភាព​នានា​ទូទាំង​ស្រុក​កងមាស​ ដើម្បី​បន្ត​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ។

លោក​ អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ និង​ជា​សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ សម្ភារៈ​ដែល​ត្រូវ​ប្រគល់​ជូន​ សមាជិកអនុសាខាកាកបាទក្រហម​ ស្រុកកងមាស និង តាមមណ្ឌលសុខភាពនានា ទូទាំងស្រុកកងមាស ​ក្នុង​ឱកាស​នោះ​រួមមាន ម៉ាស១,៩០០ សាប៊ូ៣០ដុំ ប័ណ្ណប្រកាសព័ត៌មាន១៩០សន្លឹក ខិតប័ណ្ណផ្សព្វផ្សាយព័ត៌មាន៩០ផ្ទាំង និងផ្ទាំងផ្សព្វផ្សាយខ្នាតធំ០២ផ្ទាំង ផងដែរ​ ។​

ឆ្លៀត​​ក្នុង​ឱកាសនោះ​ដែរ​ លោក​ អ៊ុម​ វិបុល​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះធ្វើ​ការ​ផ្សព្វផ្សាយ​ក្រេីន​រំលឹក​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ អំពីវិធានការបង្ការ និងទប់ស្កាត់ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ១៩ ដេីម្បី​កុំ​ឲ្យមានការឆ្លងចូល​ដល់​សហគមន៍ ដោយត្រូវមានការចូលរួមធ្វើអនាម័យ​ទាំង​អស់​គ្នា​ គឺ​ត្រូវ​លាងដៃនឹងសាប៊ូ ឬអាល់កុល​ឲ្យ​បានញឹកញាប់ ត្រូវពាក់ម៉ាស​ ឬប្រើប្រាស់​ក្រម៉ាជាប្រចាំ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ផងដែរ​ ៕