ហ្សេរូសាឡិមៈ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំដែលបាញ់ចេញពីរថក្រោះបានលាន់ឮពីតំបន់ហ្គាហ្សាស្ទ្រីពនា ព្រឹកព្រលឹមថ្ងៃសុក្រ ស្របពេលដែលទាហានអ៊ីស្រាអែលរាប់ពាន់នាក់បានបើកការលុកតបតគ្នា ដែលយុទ្ធនាការមានរយៈពេល១០ថ្ងៃនេះ បណ្តាលឲ្យ ជនប៉ាឡេស្ទីនស្លាប់២៥៦នាក់ កុមារ៣៩នាក់ និងមានអ្នកទទួលរងរបួស១៩០០នាក់ ជាង៨០ភាគរយជាជនស៊ីវិល។ ប៉ុន្តែការប្រយុទ្ធចុងក្រោយថ្ងៃសៅរ៍ បានសម្លាប់ជនប៉ាឡេស្ទីន ៤៧នាក់ទៀត នាំឲ្យតុល្យការនៃអ្នកស្លាប់កើនដល់៣៤៣នាក់ ក្នុងរយៈពេល១២ថ្ងៃ។ តាមវេបសាយបរទេសកាលពីថ្ងៃសៅរ៍ យុទ្ធនាការទម្លាក់គ្រាប់បែកបាញ់ផ្លោងដើម្បីព្យាយាមកម្ទេចទីតាំងបាញ់រ៉ុក្កែត របស់ក្រុមហាម៉ាស់ដែលលាក់ខ្លួនក្រោមដីរបស់សកម្មជនប្រយុទ្ធនៃក្រុមនេះ ជ្រៀតចូលទៅក្នុងប្រទេសអ៊ីស្រាអែលនោះបានលាន់ឮយ៉ាងកក្រើក ហើយក្រុម ហាម៉ាស់ក៏បាញ់តតាំងគ្នាជាមួយនឹងទាហានអ៊ីស្រាអែលនៅក្បែរភាគខាងជើងហ្គាហ្សា។
អ៊ីស្រាអែលបើកការវាយលុកចូលមកតាំងពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការកើនឡើងនៃការបាញ់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សានេះ ទៅទីក្រុងជាច្រើននៅក្នុងទឹកដីអ៊ីស្រាអែល ពិសេស ក្រុមសកម្មជនប៉ាឡេស្ទីនបាញ់រ៉ុក្កែតជាង១៥០០គ្រាប់ទៅរកគោលដៅ ទីក្រុងនានារបស់អ៊ីស្រាអែលតាំងពីការប្រយុទ្ធចាប់ផ្តើមមក។ តុល្យការនៃការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនក្នុងរយៈពេល១០ថ្ងៃ ចំនួនតែជាង២៥៦នាក់ហើយក្នុងនោះមានកុមារ៣៩នាក់ ខណៈអ្នករបួសកើដល់១៩០០នាក់ ដែលច្រើនជាង៨០ភាគរយជាជនស៊ីវិល។
ជនអ៊ីស្រាអែលក៏ស្លាប់ផងដែរ។ សម្រាប់ការវាយលុក ការបំផ្លោងគ្រាប់ដាក់គ្នាបាចសាចដូចគ្រាប់ព្រិលធ្លាក់បែបនេះ លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Ban Ki-moon ដែល បានបង្ហាញពីការសោកស្ដាយ ហើយជំរុញអោយ មេដឹកនាំពិភពលោក និងតាមតំបន់អោយជួបប្រជុំគ្នាពិភាក្សារកដំណោះស្រាយជាបន្ទាន់ទៅលើករណីកើតជម្លោះដ៏គ្រោះថ្នាក់ ហើយដែលឥឡូវនេះរីករាលដាលកាន់តែធំធេង៕