ខេត្តកំពង់ធំ៖ ខណៈពេលដែល ឈានដល់រដូវវស្សា ទឹកភ្ញៀងបានធ្លាក់ស្រោចស្របគ្រប់ទិសទី ក៏ដូចជាការ ដល់ពេលដែល ជម្រុញឲ្យមានការដាំដុះ នូវដំណាំបន្លែបង្ការគ្រប់មុខ ដើម្បីជាការជួយដល់ជីវភាពកងទ័ពកាត់បន្ថយការចំណាយ កាហូបចុកប្រចាំថ្ងៃនៃអង្គភាពនីមួយៗ។
ជាក់ស្តែង ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងណែនាំ ដល់កងកម្លាំងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការងារបង្ករបង្កើនផល ក្នុងរដូវវស្សា ក៏ដូចជាការបន្តពង្រឹងវិធានការប្រយុទ្ធប្រឆាំងការពារ ការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ និងបានប្រគល់សម្ភារៈ ការពារទប់ស្កាត់មេរោគកូវីដ១៩ មានដូចជា អាកុលសម្រាប់បាញ់លាងសំអាតដៃ ចំនួនមួយកេស ម៉ាសចំនូន១០០ម៉ាស់ និងគ្រាប់ពូជដំណាំសម្រាប់បង្កបង្កើនផល មានគ្រាប់ត្រកួន គ្រាប់ស្ពៃ គ្រាប់ឆៃថាវ គ្រាប់ត្រប់ គ្រាប់ល្ពៅ ក្រាប់ម្ទេស ដែលជាការផ្ដល់ជូនរបស់អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ប្រគល់ជូនតាមក្នុងអង្គភាព ក្នុងនោះក៏បានផ្ដល់ត្រីខកំប៉ុងដែលជារបបកងយោធពលខេមរភូមិមិន្ទ ចំនួន១កេស ស្មើ ១០០កំប៉ុងជូនដល់បងប្អូន វរៈសេនាតូចលេខ១ ។
ពិធីនេះ បានធ្វើឡើងនៅអង្គភាពវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅរសៀល ថ្ងៃច័ន្ទទី ២៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងឳកាសនេះ ផងដែរ ឯកឧត្តម មេបញ្ជាការ បានចុះពិនិត្យសួនដំណាំដែលកំពុងថែទាំនឹងជម្រុញឲ្យ យោធិនបន្តកាប់គាស់ដីដើម្បីត្រៀមដាំដំណាំបន្លែបង្កាជាថ្មីទៀត ដើម្បីលើកកម្ពស់ជីវភាពកងកម្លាំងក្នុងកាលៈទេសៈដែលកំពុងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ។
យោធិន នៃអង្គភាពវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះសុខទុក្ខរបស់កងកម្លាំងនិងក្រុមគ្រួសារ ពិសេសបញ្ហាជីវភាពរស់នៅ បញ្ហាសុខភាព និងបញ្ហាជម្រកស្នាក់នៅរបស់បងប្អូន និងក្រុមគ្រួសារ ដែលរស់នៅក្នុងទីតាំង បន្ទាយផងដែរ ។
ដោយ ប៊ុន រដ្ឋា