ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងថា៖ បើទោះបីជាបច្ចប្បន្នសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតាក៏ពិតមែន យើងក៏មិនត្រូវមានការធ្វេសប្រហែសឡើយ។ ដោយខិតខំបង្កើនការចេញដើរល្បាតឲ្យបានញឹកញាប់ជាប់ជាប្រចាំ នៅតាមភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវ ។
ការថ្លែងរបស់ឯកឧត្តម លី ស៊ុន ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ទី៤ សម្រាប់ខែមេសា ឆ្នាំ២០២០ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ រិះរកចំនុចខ្លាំង និងខ្សោយ ដើម្បីអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយ នាយរងកងអនុសេនាធំ នៃវរសេនាតូចទាំង៥ ចំណុះ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងបន្តថា៖ ដើម្បីឆ្លើយតបទៅនឹងក្តីសង្ឃឹម របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក នៅគ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែរត្រៀមជួរមុខ បណ្តោយព្រំដែនកម្ពុជា-ថៃ ធ្វើយ៉ាងត្រូវខិតខំប្រឹងប្រែងបន្ត នៅក្នុងការការពារ គ្រប់គ្រងឲ្យបានរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ។
ពិសេសបង្កើនការចេញដើរល្បាតឲ្យបានញឹកញាប់ និងជាប់ជាប្រចាំ បើទោះបីជាសភាពការណ៍ នៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី យើងក៏នៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយខិតខំបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងភាគីមិត្ត ឈរលើការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីបញ្ជៀសបានការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយ ពលទាហាន និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង៕ សួនលីណា




































