ព្រះវិហារ៖ លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទៅផ្តល់ជូនដល់ដៃពលរដ្ឋមានជីវភាពខ្វះខាត,ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន សរុបចំនួន ៤០គ្រួសារ និងបន្តចូលទៅសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចម្រើន ស្ថិតនៅក្នុងឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
នៅក្នុងឱកាសអញើញដឹកនាំក្រុមការងារចុះជួបពលរដ្ឋទីទាល់ក្រ លោកជំទាវ ចឹក ហេង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ អ្វីឡើយ។ «និយាយជារួម ឲ្យតែទីណាមានការលំបាក ទីនោះគឺមានកាកបាទក្រហមចុះជួយដល់ទីកន្លែងផ្ទាល់»។ ជាមួយគ្នានេះលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានសំដែងនូវការគាំទ្រ និងអរគុណចំពោះ ក្រុមគ្រូពេទ្យដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរកន្លងមកនេះ។ ខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយបន្តបន្ថែមទៀត អំពីវិធានការការពារស្តីពីការឆ្លង នៃមេរោគកូវីដ-១៩ ។
គួរបញ្ជាក់ថា៖ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលលោកជំទាវ រួមនិងក្រុមការងារ ដឹកនាំមកចែកជូនដល់ពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងស្រ្តីមេម៉ាយមានកូនច្រើននៅឱកាសនោះ ដដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ១បេ, មី១កេះ, ត្រីខ ១យួរ, ទឹកស៊ីអីវ ១យួរ, ផ្ទាំងរូបភាពតូច ១សន្លឹក, ខិតប័ណ្ណ ១សន្លឹក និងថវិកាចំនួន២០ម៉ឺនរៀល។ ក្នុងនោះគ្រួសារអត្ថិភាព ចំនួន ១០គ្រួសារ ក្រុមការងារបានថែមសារុង១,ភួយ១,ក្រមា១,មុង១,និងថវិកា២០ម៉ឺនរៀល។ ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ.ភូមិ.កងកម្លាំងសរុបចំនួន១៦នាក់ ដោយក្នុងម្នាក់ៗថវិកាចំនួន ២ម៉ឺនរៀល, មណ្ឌលសុខភាពឃុំចម្រើនទទួលបានអាល់កុល៥លីត្រ,ម៉ាស់២ដុំ, អនុសាខាកាកបាទក្រហមស្រុកទទួលបានអាល់កុល៥លីត្រ, ម៉ាស់៨ដុំ និងផ្ទាំងរូបភាពតូចចំនួន ១០០សន្លឹក៕