មន្ទីរកសិកម្មខេត្តកំពង់ធំ ជំរុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារ

0

កំពង់ធំ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០, លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដឹកនាំមន្រ្តីជំនាញសុខភាពសត្វ ចុះពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក ប៉ែន វណ្ណរិទ្ធ លើកឡើងថា ក្នុងនាមក្រសួងកសិកម្ម ដែលមានមន្ទីរកសិកម្ម ជាសេនាធិការ កំពុងធ្វើការយ៉ាង ជិតស្និតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសមន្រ្តីជំនាញសុខភាពសត្វ តែងតែចុះទៅពិនិត្យ នៅតាមទីតាំងចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារខ្នាតតូច និងជាម្ចាស់កសិដ្ឋានខ្នាតតូច និងមធ្យម ដើម្បីជួយក្នុងការត្រួតពិនិត្យលើសុខភាពសត្វ លើបច្ចេកទេសការប្រើប្រាស់ចំណី ការប្រើប្រាស់វ៉ាក់ សាំង រួមជាមួយការស្វែងរកសេវាទីផ្សារបន្ថែម។ ក្នុងនោះមន្ទីរកសិកម្មធ្វើការផ្តោតសំខាន់ផងដែរ លើការចុះកិច្ចសន្យាទិញលក់រវាងកសិករ ជាមួយភាគ្គីក្រុមហ៊ុន តាមគោលការណ៍ទីផ្សារសេរី។ លោកបន្តថា ការចិញ្ចឹមសត្វតាមលក្ខណៈ តាមលក្ខណៈបច្ចេកទេសទទួលបាននូវទិន្និផលខ្ពស់ និងចំណាញរយៈពេលខ្លី ព្រមទាំងកាត់បន្ថយការខាតបង់ដោយគ្មានការគ្រោងទុក! ដែលក្នុងនោះ កសិករចិញ្ចឹមសត្វជ្រូកអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ២៥សប្តាហ៍ស្មើរនិង១៧៥ថ្ងៃ ហើយក្នុងមួយក្បាលមានទម្ងន់ពី៩៥គីឡូក្រាមទៅ១១០គីឡូក្រាម។ ចំណែកពូជសត្វមាន់សាច់ មានរយៈពេល៣៦ថ្ងៃ ទម្ងន់គិតជាមធ្យម២,២០គីឡូក្រាម ទៅ២,៣០គីឡូក្រាម! ដោយចាំបាច់ បំផុតត្រូវផ្តល់ចំណីតាមស្តង់ដាបច្ចេកទេសមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ លោកបញ្ជាក់ថា ការអនុវត្តតាមបច្ចេកទេស ធ្វើឲ្យកសិករទាំងអស់ទទួលបានទិន្និផលខ្ពស់។ ហើយសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការចិញ្ចឹមសត្វតាមគ្រួសារ កសិដ្ឋានខ្នាតតូច និងមធ្យម ឈានទៅរកការបំពេញតម្រូវការទីផ្សារ ដើម្បីជាជំហ៊ានជួយកាត់បន្ថយការនាំចូលសាច់ សត្វដែលគ្មានប្រភពច្បាស់លាស់ពីប្រទេសជិតខាងផងដែរ។