ពលរដ្ឋ​ ក្នុង​ស្រុក​ព្រៃឈរ​ និង​ស្រុក​ជេីងព្រៃ​ សប្បាយ​រីករាយ​ ខណៈ​ដែល​ទំនប់​អាងទឹក​តំបន់​ ត្រូវ​បាន​អាជ្ញាធរ​យក​ចិត្ត​ទុកដាក់​ ​ក្នុង​ការ​ស្ថាបនា​ឡើង​វិញ​​

កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ​ដោយ​មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញ​ចុះពិនិត្យការរដ្ឋានជួសជុលទំនប់អាងទឹកតំបន់ និង​សំណង់សិល្បការ​ ដែលមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។​លោក​ អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​​ បាន​ឲ្យដឹងថា​ ការ​ជួសជុល​ទំនប់​អាងទឹក​តំបន់​ខាងលើ​នេះឡើង​វិញ​ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​ចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព​ នៃ​ការ​បង្កបង្កើនផល​ របស់ប្រជាកសិករ​ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​។
លោក​ប្រធាន​មន្ទីរ​​ បាន​បន្តថា​ ក្នុងការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង​ផងនោះ ដោយ​រដ្ឋបាលខេត្តកំពង់ចាម បាន​ធ្វើ​ការ​ស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល​ កែល្អរ​សំណង់​នោះ​ឡើង​វិញ​។ លោក​ប្រធាន​មន្ទីរ​ធនធានទឹក​​ បាន​បញ្ជាក់​ថា​ ទំនប់អាងទឹកតំបន់នេះ គឺអាចរក្សាទឹកទុកបាន​រហូត​ ចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារ​ ដែលបានពឹងអាស្រ័យលើអាងតំបន់នេះ​ផងដែរ​ ៕