ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងប្រើប្រាស់កម្លាំងជាង០១ពាន់នាក់ដើម្បីចេញប្រតិបត្តិការអនុវត្តរឹតបន្តឹងស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោកដែលគ្រោងនិងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញរហូតដល់ទៅ៤៧គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ ដើម្បីសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍។ គ្រាដែលនៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងជាបន្តបន្ទាប់បណ្តាលឱ្យបាត់បង់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។ក្នុងកិច្ចការងារដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក៏បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់នគរបាលចរាចររាជធានីភ្នំពេញ ដែលជាអ្នកអនុវត្តច្បាប់ ដើម្បីចុះអនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ មានតម្លាភាព ប្រសិទ្ធភាពនិងគ្មានការយោគយល់ ។កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិតំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។កិច្ចប្រជុំនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងមុខនេះត្រូវបំពេញភារកិច្ចឱ្យបានច្បាស់លាស់ឈរលើស្មារតីទទួលខុសត្រូវខ្ពស់។ជាពិសេសត្រូវមានសីលធម៌ អាកប្បកិរិយាសមរម្យ និងមិនធ្វើអ្វីខុសច្បាប់និងវិន័យនគរបាលជាតិនោះឡើយ។
ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានមានប្រសាសន៍លើកឡើងថាដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងកាត់បន្ថយអ្នកស្លាប់អ្នករងរបួសគឺមានតែវិធានការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតែមួយប៉ុណ្ណោះ។អនុក្រឹត្យលេខ៣៩ស្តីការផាកពិន័យអន្តការណ៍ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកធ្ងន់ធ្ងរគឺសំដៅឱ្យអ្នកប្រើប្រាស់ផ្លូវទូទៅមានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។ពីព្រោះថាអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋមានក្តីកង្វល់ជាខ្លាំងដោយសារតែអត្រាគ្រោះថ្នាក់បានកើតឡើងបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសមានការកើនឡើង។
ពាក់ព័ន្ធនិងការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនៅពេលខាងមុខនេះផងដែរ ស្នងការរងទទួលផែនការងារចរាចរណ៍លោកឧត្តម សេនីយ៍ទោ ចេវ ហាក់ បានធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីឆន្ទៈ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ដោយសារតែបញ្ហាអត្រាគ្រោះថ្នាក់ចរាចរណ៍មានសភាពធ្ងន់ធ្ងរណាស់គ្រាន់តែនៅក្នុងខែមេសានេះរយៈពេល២៧ថ្ងៃប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញបណ្តាលឱ្យមនុស្សស្លាប់១៩នាក់។
លោកឧត្តមសេនីយ៍ស្នងការរងឱ្យដឹងទៀតថា ការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានជោគជ័យគឺប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។សូមបញ្ជាក់ថាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍រងនិងផាកពិន័យទឹកប្រាក់ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ការផាកពិន័យគឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយបញ្ជូនយានយន្តល្មើសទៅកន្លែងធ្វើការរបស់សមត្ថកិច្ចនៅជិតបំផុតនិងរក្សាទុក០៣ថ្ងៃទើបឱ្យម្ចាស់ចូលខ្លួនទៅបង់ប្រាក់ពិន័យតាមផ្លូវច្បាប់៕សំ វិច្ឆិកា