ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃអាទិត្យបានធ្វើដំណើរទស្សនកិច្ច ផ្លូវរដ្ឋមួយទៅកាន់ប្រទេសវេណេស៊ុយអេឡា ដែលជាជំហ៊ានទី៣ របស់លោកហើយនៅ ក្នុងដំណើរ ទស្សនកិច្ចទៅកាន់ ប្រទេសចំនួន ៤ នៅអាម៉េរិកឡាទីន នេះ។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នេះឲ្យដឹងថា លោក បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ដោយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌួរ៉ូ បន្ទាប់ពីយន្ដហោះរបស់លោកបានចុះចត នៅអាកាសយាន្តដ្ឋានអន្តរជាតិ របស់វេណេស៊ុយអេឡា។ ទន្ទឹមនឹងការមកដល់របស់លោកនោះដែរ លោក ស៊ី បានថ្លែងពីវិសាលភាពនៃចំណង ទាក់ទង រវាង ប្រទេសចិន និងវេណេស៊ុយអេឡា និងកោតសរសើរចំពោះយុទ្ធសាស្ត្រនៃ ភាពជាដៃគូ ទ្វេភាគីសម្រាប់ការ អភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរ។
នៅក្នុងនោះដែរលោកបានកត់សម្គាល់ថាឆ្នាំនេះ ជាទសវត្សរ៍ទី៤ ហើយនៃចំណងទំនាក់ទំនង កាទូតរវាង ប្រទេសទាំងពីរ ហើយលោក ស៊ី បាននិយាយថាចំណងមិត្តភាពទ្វេភាគីនៅ ក្នុងថ្ងៃអនាគត់ នឹងកាន់តែ មានភាពជោគជ័យ។ លោក ស៊ី បន្ថែមថា “ខ្ញុំទន្ទឹងរង់ចាំដើម្បីទំនាក់ទំនងទ្វេភាគីក្នុងថ្ងៃអនាគត់ជាមួយគ្នានឹងលោក ប្រធានា ធិបតីលោក ម៉ាឌួរ៉ូ និងទំនាក់ទំនងជាមួយនឹងប្រជាជនវេណេស៊ុយអេឡាគ្រប់
ជំនាន់ ដូចជាការលើកកម្ពស់មិត្តភាព, កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព រវាងប្រទេសចិន និងវេណេស៊ុយអេឡា ទៅកាន់កម្ពស់ថ្មីមួយ”។ គួរបញ្ជាក់ថានៅក្នុងអំឡុងពេលទស្សនកិច្ចនេះ ភាគីទាំងពីរបានរំពឹងពីព្រមព្រៀងនៃកិច្ច សហប្រតិបត្តិការ ហិរញ្ញវត្ថុ ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន, កសិកម្ម និងបច្ចេកវិទ្យាផងដែរ។