ខេត្តព្រះសីហនុ៖ «មិត្តសម្លាប់មិត្តប្លន់យកម៉ូតូ» លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់នាក់សារព៌តមានអោយនៅរសៀលថ្ងៃ៣០មេសា២០២០នេះថា នគរបាលស្រុកព្រៃនប់សហការជាមួយនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បំបែកបានសំណុំរឿងឃាតកម្មសម្លាប់មនុស្សមួយករណីនិងឃាត់ខ្លួនជនសង្សយ័ម្នាក់ ដែលជាជនដៃដល់បានហើយនារសៀលថ្ងៃ៣០មេសា២០២០នេះ ក្នុងនោះរវាងជនសង្សយ័និងជនរងគ្រោះត្រូវជាមិត្តភក្រ័នឹងគ្នា។ ជនរងគ្រោះ(សាកសព)ឈ្មោះ ថាត ភារៈភេទប្រុស អាយុ 19 ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមការពិនិត្យសាកសព ឃើញមានស្នាមរបួសត្រង់ក្បាល និងផ្ទៃមុខ ហើយសាកសពត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី 29មេសា2020 នៅចំណុច ក្នុងព្រៃជើងភ្នំថ្មដាស្ថិតក្នុងសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមការបញ្ជាក់ពីម្តាយជនរងគ្រោះអោយដឹងថា កូនរបស់គាត់បានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី២៧មេសា២០២០ វេលាម៉ោងប្រហែល៩យប់ ដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ផ្លាកលេខ ព្រះសីហនុ 1H -9772 និងសម្ភារៈជាប់ខ្លួនរួមមាន៖
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន១គ្រឿង
-ចិញ្ចៀនផ្លាទីន ១វង់
-នាឡិកាដៃ ១។
ជនសង្ស័យឈ្មោះចាន់ លីឈាង អាយុ១៨ឆ្នាំ មុខរបរ កម្មករជ្រៀកឈើ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើត្រាប់តាម ពីសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះត្រូវជាមិត្តភក្រមែន ក្រោយរូបគេទូរសព្ទ័ហៅជនរងគ្រោះ មកសេពគ្រឿងញៀនជាមួយគ្នា ក្នុងនោះខ្លួនបានយកដំថ្មវ៉ៃទៅលើក្បាលជនរងគ្រោះបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ដើម្បីប្លន់យកម៉ូតូនិងសម្ភារៈជាប់ខ្លួន។ក្រោយធ្វើសកម្មភាពរួចខ្លួនក៏ជិះម៉ូតូជនរងគ្រោះចូលទៅក្រុងព្រះសីហនុ ដើម្បីលក់ប៉ុន្តែគ្មានអ្នកហ៊ានទិញ ព្រោះម៉ូតូគ្មានប័ណ្ណសម្គាល់(កាតគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ និងក្រោយមកត្រូវបាននគរបាលចាប់ខ្លួន។
ជនសង្សយ័នគរបាលកំពុងសាកសួរបន្តតាមនិតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទៅតុលាការដើម្បីផ្តន្ទោស៕