ពលរដ្ឋសម្រុកធ្វើឈៀករថយន្ដ ក្រោយប្រកាសផាកពិន័យលើបទល្មើសចរាចរណ៍តាមអនុក្រិត្យថ្មី

ខេត្ដសៀមរាប ៖ប្រជាពលរដ្ឋបាននាំគ្នាសម្រុក ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានថយន្ដ(ឆៀក)រាប់រយឡាន ក្នុងមួយៗថ្ងៃ នៅខេត្ដសៀមរាប ក្រោយពីអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសផាកពិន័យលើបទល្មើសចរាចរណ៍តាមអនុក្រិត្យថ្មី ដែលនឹងត្រូវចាប់អនុវត្ដនៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះ។លោក ឈិត ពិសី អ្នកគ្រប់គ្រងកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដសាខាខេត្ដសៀមរាប លោកបានអោយដឹងកាលពីថ្ងៃព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នេះថា ចាប់ពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះទី៤នៃខែមីនានេះ មានពលរដ្ឋជាច្រើនរយនាក់ បានយករថយន្ដមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ពួកគាត់ ឬហៅថាឈៀកយានយន្ដនៅក្នុងខេត្ដសៀមរាប ដែលក្នុងមួយថ្ងៃមានរថយន្ដជាងមួយគ្រឿងបានធ្វើឆៀកនៅទីនោះ ។លោកថា ការសម្រុកធ្វើឆៀករថយន្ដនេះ ដោយសារពួកគាត់យល់ដឹងពីបទល្មើសចរាចរណ៍តាមអនុក្រិត្យថ្មីដែលនិងត្រូវផាកពិន័យនៅខែឧសភានេះ។លោកបានបន្ដថា ការធ្វើឈៀកនេះមិនត្រូវតែធ្វើនៅទីតាំងផ្ទាល់ក៍បាន និងតាមអនឡាញក៍បានដែលមានភាពងាយស្រួលបំផុត ។លោកថា ក្រោយពីមានការចុះឈ្មោះតាមប្រព័ន្ធឌីជីថលរួចហើយ ពលរដ្ឋអាចយករថយន្ដមកដល់ទីតាំងផ្ទាល់ដើម្បីកុំមានការកកស្ទះនៅកន្លែងធ្វើឆៀកតែម្ដង។លោកពិសីបានលើកឡើងថា ពលរដ្ឋខ្មែរនាពេលបច្ចុប្បននេះមានការយល់ដឹងច្រើនពីការយករថយន្ដទៅត្រួតពិនិត្យបច្ចេកទេសឬហៅថាឆៀកនេះ។ការធ្វើឆៀករថយន្ដដែលផុតកំណត់នេះ មិនមានការផាកពិនិត្យនោះទេបើតាមលោកឈិត ពិសី បានអោយដឹងថា ចាប់ពីដើមខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ អាជ្ញាធរនឹងចាប់ផ្ដើមអនុវត្ដផាកពិន័យទៅលើឆៀករថយន្ដដែលបានផុតកំណត់និងយឺតយ៉ាវ ក្នុងការបន្ដសុពលភាពឆៀក។ការផាកពិន័យនេះ ក្នុងតម្លៃមួយថ្ងៃ៥០០រៀល និងទៅតាមប្រភេទរថយន្ដនិមួយៗ។លោកក៍បានអំពាវនាវដល់ពលរដ្ឋអោយចូលរួមអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕