ខេត្តព្រះសីហនុ៖ផ្សារវាលរេញមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រនៃទីប្រជុំជនស្រុព្រៃនប់ខេត្តព្រះសីហនុ។ផ្សារនេះត្រូវបានបង្កើតជាយូរយាណាស់មកហើយដោយមានអាជីវករជាច្រើនកុះករកំពុងលក់ដូរ។ផ្សារវាលរេញមានដំបូលប្រក់សង្ក័សី និងជាកន្លែងប្រជាជនក្នុងតំបន់ដោះដូរផលិតផលក្នុងស្រុកយ៉ាងមមារញឹករាល់ថ្ងៃ។ក្រៅពីនេះអ្នកដំណើរឆ្លងកាត់ចេញចូលខេត្តព្រះសីហនុ ក៏តែងឈប់ទិញទំនិញផ្សេងៗនៅផ្សារនេះជាហូរហែដែរដូចជាគ្រឿងសមុទ្រជាដើម។ដោយមើលឃើញសភាពជាក់ស្តែងមានភាពហប់ក្តៅស្អុះជាពិសេសនៅរដូវប្រាំង ទន្ទឹមនឹងសំណូមពររបស់អាជីវករក្នុងផ្សារផង ឯ.ឧ សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តាមរយៈឯ.ឧ លូ គឹម ឈន់ ប្រធានអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងជាក្រុមការងារចុះជួយស្រុកព្រៃនប់ បានសម្រេចបំពាក់កង្ហារបឺតកំដៅជូនផ្សារវាលរេញដើម្បីជួយបន្ធូរបន្ថយបរិយាកាសក្តៅស្អុះស្អាប់ក្នុងផ្សារនេះ។បច្ចុប្បន្នកង្ហារសម្រាប់បបឺតកំដៅជាច្រើនគ្រឿងត្រូវបានបំពាក់រួចរាល់ជាស្ថាពរ។អាជ្ញាធរក្នុងតំបន់និងអាជីវករក្នុងផ្សារបានសំដែងក្តីត្រេកអរជាខ្លាំងផងដែរចំពោះការជួយគិតគូរនេះ។
អាជីវករបាន និយាយថា ឥលូវនេះនៅក្នុងផ្សារមិនសូវក្តៅដូចមុនទេតាំងពីបំពាក់កង្ហារបឺតនេះមក។ពួកគាត់បាននិយាយទៀតថាពេលនេះ វាបានកាត់បន្ថយកំដៅបានមួយចំណែកនិងធ្វើអោយមានពន្លឺភ្លឺជាងមុនដែរ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក៏ដូចជាអាជីវករនៅផ្សារវាលរេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯ.ឧ សាយ សាយ សំអាល់ និង ឯ.ឧ លូ គឹម ឈន់ ដែលតែងបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជននិងបងប្អូនអាជីវករក្នុងផ្សារក្នុងមូលដ្ឋានស្រុកព្រៃនប់នេះ៕