ថ្នាក់ដឹកនាំ​គ្រីស្ទ​បរិស័ទ​ សមាគម​បេសកកម្ម​ដំណឹង​ល្អ​ បាន​នាំយក​អំណោយ​ ចែក​ជូន​ពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​​១០០គ្រួសារ​ នៅ​ស្រុក​ត្បូងឃ្មុំ​

ត្បូងឃ្មុំ​​: ឯកឧត្ដម​ ខាន់​ ខុន​ ទីប្រឹក្សា​ក្រសួង​ធម្មកា​និង​សាសនា​ និង​ជាថ្នាក់ដឹកនាំ​សមាគម​បេសកកម្ម​ដំណឹង​ល្អ​ បានអញ្ជើញ​នាំយក​អំណោយ​មនុស្សធម៌​ជា​ស្បៀង​អាហារ​ ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​​ ចំនួន១០០គ្រួសារ​ នៅ​ក្នុង​ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​​​ ដែល​​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា​​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ឯកឧត្ដម​ ហេង​ ចេង​ ទីប្រឹក្សា​ក្រសួង​ធម្មកា​និង​សាសនា​ និង​ព្រឹទ្ធ​បូជា​ចារ្យ​ សរ​ ពលះ​ ប្រធាន​សម្របសម្រួល​បេសកកម្ម​ នៃ​ប្រិយ​សម្ព័ន្ធ​គ្រិស្ត​បរិស័ទ​កម្ពុជា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីឯកឧត្តម​ តេង​ ប៊ុណ្ណា​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ ​និង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ ជាច្រើន​រូប​ផង​ដែរ​។

ឯកឧត្តម​ តេង​ ប៊ុណ្ណា​ ​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​ បាន​ថ្លែង​អរគុណ​ចំពោះ​​ ថ្នាក់ដឹកនាំ​សមាគម​បេសកកម្ម​ដំណឹង​ល្អ​ ឯកឧត្ដម​ ខាន់​ ខុន​ ទីប្រឹក្សា​ក្រសួង​ធម្មកា​និង​សាសនា​ ​ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ ហើយ​​​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​​សម្រាប់​ជំនួយ​នាឱកាស​នេះ​ ក៏​ដូចជា​ការ​ជួយជា​អណ្តូង​ទឹក​ប្រើប្រាស់​​ ជូន​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ នាពេល​កន្លង​មក​ ដោយ​មិន​ប្រកាន់​សាសនា​ ឬ​និន្នាការនយោបាយ​អ្វី​ឡើយ​។
ថ្លែង​សំណេះសំណាល​នាឱកាសនោះដែរ​ ឯកឧត្តម​ ខាន់​ ខុន​ បាន​រំលឹក​អំពី​ប្រវត្តិ​ជូរចត់​ ​ពី​អតីតកាល​ ហើយបាន​​អរគុណ​ដល់​សន្តិភាព​ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ឯកឧត្ដម​ សិក្សា​រៀនសូត្រ​ រហូត​ទទួល​បាន​ភាព​ជោគជ័យ​ និង​មាន​មុខរបរ​ តួនាទី​ ការងារ​ ដែល​អាច​ត្រលប់​មក​ជួយ​ប្រជាពលរដ្ឋ​ ក្នុង​ស្រុក​ភូមិ​កំណើតរបស់​ខ្លួនបាន​ជា​បន្តបន្ទាប់​ ហើយក៏សូម​ឲ្យ​ប្រជាពលរដ្ឋ​​ ចូលរួម​ថែរក្សា​សុខសន្តិភាព​ ឲ្យ​បាន​គង់វង្ស​ ដេីម្បី​អនាគត​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ផង​ដែរ​។ ​ ​
ជា​មួយ​គ្នា​នោះ​ គណៈអធិបតី​ ​ក៏បាន​ក្រេីន​រំលឹក​ ដល់​បងប្អូនប្រជាពលរដ្ឋ​ សូម​ឲ្យ​បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល​ និងគម្លាតសុវត្ថិភាពសង្គម​ និងប្រេីប្រាស់ម៉ាស់នៅពេលចាំបាច់​ ឲ្យបានគ្រប់ៗគ្នា។ ព្រោះវីរុស​ជំងឺ​កូវីដ-១៩​ មិនទាន់ទៅណាឆ្ងាយពីយេីងនៅឡេីយទេ​ ហេីយបេីយេីងធ្វេសប្រហែសនោះ នឹងមានហានិភ័យខ្ពស់ណាស់​ ក្នុងការចម្លងវីរុសនេះ​ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត​ ដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរជាមិនខាន។ ​
គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​បាន​ប្រគល់​ជូន​ក្នុង១គ្រួសារ​ៗ​ ត្រូវ​ទទួល​បាន​ អង្ករ០​១បេ​ ស្មើ​នឹង​១៥គីឡូក្រាម​ មី១៥កញ្ចប់​​ ត្រីខ១យួរ​ ទឹក​ត្រី​០១ដប​​ និង​អាហារ​បំប៉ន​១០​កញ្ចប់​ ផងដែរ​ ៕