ខេត្តស្ទឹងត្រែង៖កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្ត
ស្ទឹងត្រែង ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី ដៀប ចាន់ធី ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក បានចុះអនុវត្តន៍ នូវអនុក្រឹត្សនៃច្បាប់ចរាចរណ៍ថ្មី នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ដោយក្នុងនោះ អនុវត្តន៍នៅលើគោលដៅចំនួន១កន្លែងតែប៉ុណ្ណោះ គឺនៅចំនុចរវង្វង់មូលថ្មីនៅចំកណ្តាលក្រុងស្ទឹងត្រែងតែម្តង រីឯ៣
គោលដៅទៀតនៅក្រៅក្រុង មាននៅផ្លូវជាតិលេខ៧៨ ពីស្ទឹងត្រែងទៅរតនគីរី ផ្លូវ
ជាតិលេខ៩ ពីស្ទឹងត្រែងទៅព្រះវិហារ និងមួយកន្លែងទៀត ផ្លូវជាតិលេខ៧ ពីស្ទឹងត្រែងទៅក្រចេះ ដើម្បីរឹតបន្តឹងស្តីពីការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។ការចាប់ផ្ដើមអនុត្តន៍ និងរឹតបន្តឹងច្បាប់ចរាចរណ៍ ខាងលើនេះ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ បានចូលរួមគោរពអនុវត្តច្បាប់ បានមួយចំនួនធំ ដោយមធ្យោបាយធ្វើដំណើររបស់ពួកគាត់ប្រកបដោយលក្ខណ:បច្ចេកទេសគ្រប់គ្រាន់ ត្រឹមត្រូវតាមច្បាប់ រីឯអ្នកល្មើសយើងឃើញថា មានតិចតួចតែប៉ុណ្ណោះ ។ស្ថិតក្នុងការចុះអនុវត្តន៍ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ត្រី ដៀប ចាន់ធី ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត
ស្ទឹងត្រែង បានឲ្យដឹងថា: សម្រាប់ខេត្តស្ទឹងត្រែង នៅថ្ងៃដំបូងនេះ គឺមានតែ១ គោលដៅតែប៉ុណ្ណោះ ក្នុងក្រុងដោយមានកម្លាំងចូលរួមសហការពីមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីរដ្ឋបាល រួមនិងកម្លាំងអាវុធហត្ថខេត្តផងដែរ ។លោក សរ គឹមណាត ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ក៏
បានសំណូមពរឲ្យប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ដែលប្រើប្រាស់មធ្យោបាយយានយន្ត លើដងផ្លូវទាំងអស់ សូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដែលចេញដោយអនុក្រឹត្សថ្មីនេះ ដើម្បីបញ្ជៀសការកើតមាន
ឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ។
សូមបញ្ជាក់ថា:នៅក្នុងការចុះអនុវត្តន៍ និងរឹតបន្តឹងច្បាប់ចរាចរណ៍ក្នុងថ្ងៃដំបូងនេះ ក៏មានការឃាត់ និងផាកពិន័យទៅតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើអ្នកធ្វើដំណើរ តាមរថយន្ត និងម៉ូតូផងដែរ ដែលឃើញថា ល្មើសត្រង់អ្នកបើករថយន្តមិនពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព និងម៉ូតូអ្នកបើកបរ មិនពាក់មួកសុវត្ថិភាព និងកញ្ចក់មើលក្រោយតែប៉ុណ្ណោះ ពុំទាន់រកឃើញអ្នកល្មើសផ្នែកលក្ខណ:បច្ចេកទេសនៅឡើយទេ ៕