អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានណែនាំដល់កម្មករនិយោជិត បន្តអនុវត្តអោយបានជាប្រចាំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូរ៉ូណាវីរុស COVID-19 !

ខេត្តស្ទឹងត្រែង៖ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានអញ្ជើញជាគណៈអធិបតី នៅក្នុងពិធីប្រារព្ធខួបលើកទី១៣៤ ទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ២០២០ ក្រោមប្រធានបទ « សន្តិភាព និងការងារសមរម្យ » និងក៏មានការអញ្ជើញចូលរួម ពីអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ តំណាងក្រុមហ៊ុន « ធី ប៊ី វាយ ប៊ី អង្គរបាណាណា » ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការជុំវិញខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក បួរ វិរុន រួមនឹងកម្មករនិយោជិត ប្រមាណ ៥៥០នាក់។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង លោក បួរ វិរុន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាអទិភាពទាំង៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះមាន ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខុដុមនីយកម្មក្នុងការទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអភិវឌ្ឍមុខរបរ និងការងារ ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ ស្តីពី ការងារ និងការពង្រឹងសេវាសាធារណៈ និងអភិបាលកិច្ចល្អ។ លោកថា ដើម្បីចូល រួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ អោយទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធិផលនោះ ជាលទ្ធផលនៅក្នុងឆ្នាំ២០១៩ មន្ទីរបានអនុវត្ត នូវវិស័យការងារ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដោយបណ្តុះបណ្តាល ទាំងរយះពេលវែង និងរយះពេលខ្លី ផងទៀត។ លោក បួរ វិរុន បានបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានក្រុមហ៊ុន សហគ្រាស សេវាកំសាន្ត ចំនូន១៤០ គ្រឹះស្ថានដែលកំពុងប្រើប្រាស់កម្មករ ប្រមាណជាង៣ពាន់ ៣៥៥នាក់ ក្នុងនោះ មានជនបរទេស ១៨១នាក់ ត្រូវបានពន្យាការងារ។ ដោយឡែក កម្មករនិយោជិត ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុន « ធី ប៊ី វាយ ប៊ី អង្គរបាណាណា »នេះ គឺមានមានប្រមាណ ២០០នាក់។ ហើយក្រុមការងារ បានចុះណែនាំដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនីមួយៗ អោយអនុវត្ត នូវសារាចរណែនាំរបស់ក្រសួង ដើម្បីជួយពលរដ្ឋ ដែលមានអាជីពជាកម្មករ អោយមានជីវភាពល្អប្រសើរ ទោះបីថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងរងការរាតត្បាត ពីជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ បានចេញសារាចរណែនាំ និងសារលិខិត ក្នុងឧិកាសខួបអនុស្សាវរីយ៍លើកទី១៣៤ ទិវាពលកម្មអន្តរជាតិ ១ឧសភា២០២០ ក្រោមប្រធានបទ « សន្តិភាព និងការងារសមរម្យ » ផ្ញើជូនជនរួមជាតិ ជាពិសេស ជូនដល់កម្មករនិយោជិត និងវិនិយោគគិនទាំងអស់ ដើម្បីបង្ករការងាយស្រួលអោយកម្មករ និយោជិត និងនិយោជក មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ បានប្រារព្ធទិវានេះ ក្នុងបរិយាកាសសប្បាយ និងសាមគ្គីភាព។ លោកបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ជាពិសេស មន្ទីរជំនាញផ្ទាល់ ដែលកន្លងមកបានរួមចំណែកយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងដោះស្រាយវិវាទការងារដោយសន្តិវិធី ដើម្បីបង្កើតឡើង នូវភាពយោគយល់គ្នា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ រវាងភាគីពាក់ព័ន្ធទាំងអស់។