កំពង៎ធំះថ្ងៃ សុក្រ ១០កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងរឹតបន្តឹងនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក
ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១
ខែ មីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅគោលដៅសំខាន់ៗ ក្នុងខេត្តកំពង់ធំ ។ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយថ្ងៃនេះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នគរបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចុះរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកអនុវត្តតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើ
ល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុគោលដៅសំខាន់ៗក្នុងខេត្តកំពង់ធំ មានចំនួន ១៣ គោលដៅ
ក្នុងនោះតាមតំរ៉ាយផ្លូវជាតិមានចំនួន ០៤ គោលដៅ និងតាមក្រុង.ស្រុកមានចំនួន ០៩ គោលដៅ
ប្រើប្រាស់កម្លាំងប្រមាណ១៥២ នាក់ ស្រី ០២ នាក់ ។ដោយឡែកថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ
អ៊ុក កុសល ស្នងការនគរបាលខេត្ត បានសង្កេតឃើញថាអត្រា នៃបទល្មើសចរាចរណ៍ផ្លូវគោក មានកម្រិតទាប មានត្រឹមតែចំនួន ៦១ ករណី ក្នុងនោះម៉ូតូចំនួន ៣៩ គ្រឿងនិងរថយន្តចំនួន ២២ គ្រឿង តែប៉ុណ្ណោះ គឺដោយសារបងប្រជាពលរដ្ឋ បានចាប់អារម្មណ៍យល់ដឹងពីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ព្រោះដោយសារ
មុនថ្ងៃអនុវត្តអនុក្រឹត្យ ថ្មីខាងលើនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ក្នុងរយ:ពេលជិត ១ខែកន្លងមកហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ដឹង ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំមានបញ្ហាប្រឈម ទៅនឹងការអនុវត្តអនុក្រឹត្យលេខ ៣៩ អនក្រ.បក ថ្មី។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរជាដំបូងគេ គឺមន្ត្រីនគរបាល ដែលជាអ្នកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សូមធ្វើគំរូល្អ ដល់ប្រជាពលរដ្ឋ បន្ទាប់មកមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ឲ្យបានព្រមៗគ្នា ដើម្បីជៀសផុតពីការផាកពិន័យរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីថែរក្សាបាននូវអាយុជីវិតទ្រព្យសម្បត្តិឯកជន និងសាធារណៈ ៕