រថយន្តសាំយ៉ុងបុកជាមួយម៉ូតូកង់បីឥណ្ឌាបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ!

ភ្នំពេញ៖ រថយន្តសាំងយ៉ុង មួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយក្រឡាប់ផ្ងាជើងជើងម្ខាងបណ្ដាលឲ្យបុរសពីរនាក់រងរស់ស្រួល រថយន្តបង្កព្យាយាមបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២០ នៅចំណុចមុខផ្សារទឹកថ្លាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខតាកែវ1T-9988បានដឹកបុរសម្នាក់ទៀតជាភ្ញៀវធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តប្រភេទសាំយ៉ុងមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AD-9417ធ្វើដំណើរមកពីក្រោយជ្រុលទៅបុកម៉ូតូកង់បីពីក្រោយទំហឹងក្រឡាប់ផ្ងាជើងម្ខាងនិងបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់រហូតមកដល់ផ្លូវបេតុង ក្នុងផ្សារហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវបានសមត្ថកិច្ចដេញចាប់បានភ្លាមៗរីឯតៃកុងរថយន្តបង្កបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕