អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ ជួបសួរសុខទុក្ខ បើកម៉ាស និងឧបត្ថម្ភថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋច្រើនរយគ្រួសារ មាន១៥៣ខ្នង

ស្ទឹងត្រែង៖បន្ទាប់អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ ជួបសួរសុខទុក្ខ បើកម៉ាស និងឧបត្ថម្ភថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋច្រើនរយគ្រួសារ មាន១៥៣ខ្នងផ្ទះ ដែលទទួលការរុះរើចេញពីទីតាំងចាស់ នៅប្របនឹងមាត់ទន្លេមេគង្គ ផ្លាស់មករស់នៅលើទីតាំងថ្មី នៃទីទួលសុវត្ថិភាពមួយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅ រស់នៅប្របនឹងដងទន្លេមេគង្គ តាំងពីយូរឆ្នាំមកហើយនោះ ខណៈនេះបានយល់ព្រមទទួលយកសំណងដីឡូតិ៍ នៅលើទីតាំងថ្មី ដែលអាជ្ញាធរខេត្ត និងក្រុង បានរៀបចំទុកដាក់ និងដោះដូរជូនពួកគាត់ បានសង់លំនៅដ្ឋានសមរម្យ និងប្រកបមុខរបរចិញ្ចឹមជីវិត ដោយស្របច្បាប់។អ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណ ប្រជាពលរដ្ឋច្រើនរយគ្រួសារ ដែលបានយោគយល់ដល់អាជ្ញាធរ ហើយទទួលយកសំណងដី សុខចិត្តផ្លាស់ប្តូរទីតាំងរស់នៅ ដោយចាកចេញពីទីតាំងមិនស្របច្បាប់ ហើយបានមករស់នៅលើទីតាំងដែលស្របច្បាប់នេះ។ អ្នកតំណាងរាស្ត្រ បានពន្យល់ប្រជាពលរដ្ឋ អំពីមូលហេតុ នៃការផ្លាស់ប្តូរទីតាំងរស់នៅរបស់ពួកគាត់ ក៏ព្រោះតែអាជ្ញាធរខេត្ត និងក្រុង ត្រូវ ធ្វើការអភិវឌ្ឍច្រាំងទន្លេ ចាប់ពីគល់ស្ពានសេកុងស្ទឹងត្រែង រហូតមកដល់គល់ស្ពានមេគង្គស្ទឹងត្រែង ដោយចាក់ខឿនច្រាំងទន្លេ និងការរៀបចំសួរច្បារលំអរមាត់ទន្លេ អោយមានសណ្តាប់ធ្នាប់ មានសោភ័ណ្ឌភាពស្រស់បំព្រង និងមានការទាក់ទាញពីអ្នកទេសចរជាតិ និងអន្តរជាតិ។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល់ បានបញ្ជាក់ថា ទីតាំងថ្មីនេះ អាជ្ញាធរក្រុងបានរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ទឹក និងភ្លើង ជូនដល់ប្រជាពលរដ្ឋ បានប្រើប្រាស់គ្រប់គ្រាន់ ហើយភូមិករថ្មីនេះ នឹងក្លាយជាក្រុងរណបរបស់ក្រុងស្ទឹងត្រែង នាពេលខាងមុខនេះ៕