កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្ដោយដងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ត្រង់ចំណុចទីប្រជុំជននានា ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់ ព្រំប្រទល់ខេត្តកណ្ដាល ដេីម្បីធ្វើការរៀបចំឲ្យមានសោភ័ណ្ឌភាពតស្រស់ស្អាត ផងដែរ។
មន្ត្រីរដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ដេីម្បីសម្រួលដល់ការធ្វើដំណើរ និងការលេីកកម្ពស់ដល់សោភ័ណ្ឌភាពនៅតាមដងផ្លូវសាធារណៈ ផងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវផែនការ ដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនិមួយៗ ដែលនៅស្របតាមបណ្តោយដងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ចាប់ពីចំណុចស្ពានគីហ្សូណា ព្រំប្រទល់ ខេត្តត្បូងឃ្មុំ-ក្រុងកំពង់ចាម រហូតដល់ស្រុកបាធាយ ជាប់ព្រំប្រទល់ខេត្តកណ្តាល ត្រូវរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវទាំង២ខ្សែខាងលេីនេះ ធ្វើយ៉ាងណាត្រូវរៀបចំឲ្យមានសោភ័ណភាពស្រស់ស្អាតទៀតផង។
មន្ត្រីរដ្ឋបាល បានបន្តថា ដើម្បីអនុវត្តលើការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់នោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ឲ្យមានការយកចិត្តទុកដាក់សហការគ្នា រៀបចំទាំងខ្សែបណ្ដាញអគ្គិសនីខ្វាត់ខ្វែង ផ្ទាំងស្លាកសញ្ញាប៉ាណូឆ្លងកាត់ផ្លូវថ្នល់ និងអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈទៀតផង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬចូលទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ផងដែរ ៕