កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីដាក់ចេញនូវផែនការ ដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន សហការគ្នាដេីម្បីពង្រឹងសុវត្ថិភាពសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្ដោយដងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ជាពិសេសត្រង់ចំណុចទីប្រជុំជននានា ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់ ព្រំប្រទល់ខេត្តកណ្ដាល ព្រមទាំងកែសម្រួលឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាតតាមដងផ្លូវ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ផងដែរ។
គួរកត់សម្គាល់ផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ ក្នុងគោលបំណងគឺ ដើម្បីដាក់ចេញនូវផែនការ ពង្រឹងសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយផ្តោតទៅលើ សោភណ្ឌភាព អនាមយ័ បរិស្ថាន និងរបៀបរៀបរយ ក្នុងការរស់នៅ និងការប្រកបរបរលក់ដូរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិ និងតាមទីប្រជុំជននានា ក្នុងទឹកដីខេត្តកំពង់ចាម។ ក៏ដូចជាការពង្រឹងវិសាលភាពនៃការអនុវត្តច្បាប់ស្តីពីការប្រើប្រាស់ផ្លូវថ្នល់ ដែលឈានទៅដល់ការរក្សាបាន សណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលដល់ការលំហូរចរាចរណ៍ ដោយការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងដើម្បីតម្រង់ទិស លេីការប្រើប្រាស់ចិញ្ចើមផ្លូវ ជាប្រយោជន៍ដល់សាធារណៈជនផងដែរ។
គួរបញ្ជាក់ផងដែរថា ដើម្បីសម្រួលដល់ការធ្វើដំណើរដល់សាធារណៈជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬចូលទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាមផងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ឲ្យមានការយកចិត្តទុកដាក់សហការគ្នា អនុវត្តលើការរៀបចំខ្សែបណ្ដាញអគ្គិសនីខ្វាត់ខ្វែង ផ្ទាំងស្លាកសញ្ញាប៉ាណូឆ្លងកាត់ផ្លូវថ្នល់ និងអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈ ផងដែរ ៕