ខេត្តសៀមរាប៖ បុរសជាប្ដីប្រច័ណ្ឌប្រពន្ធ បានយកកាំបិត ចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯង បណ្ដាលឲ្យស្លាប់ ពេលសង្រ្គោះដល់មន្ទីរពេទ្យ។ហេតុការណ៍បានកើតឡើងវេលាម៉ោង៣និង៣០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេពពុំ សែន បានរាយការណ៍បឋមថាករណីអំពើហិង្សា ប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន។ កើតហេតុខាងលើ រវាងភាគីប្ដីឈ្មោះ វង់ ផុសហៅ ញ៉ាញ់ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។ សព្វថ្ងៃបានប្រពន្ធឈ្មោះ បោះ គឿន អាយុ២៥ឆ្នាំ រស់នៅ ភូមិ_ឃុំកើតហេតុខាងលើ។អធិការបន្តថាទំនាស់ឈានដល់ភាគីប្តី បានប្រើអាវុធកាំបិតចុងស្រួច ដងឈើស្រោបដែក ប្រវែង៣៧សង់ទីម៉ែត្រ ចាក់ទៅលើភាគីប្រពន្ធ និងចាក់ពោះខ្លួនឯងបណ្ដាលឱ្យរងរបួសធ្ងន់។
លោកថាភាគីប្តី រងបួសមុតចូលសាច់ពោះដាច់ចេញពោះវៀនមកក្រៅ រួចខ្លួនលោតទំលាក់ទឹកស្រះ ហើយបានស្លាប់ពេលសង្គ្រោះដល់ពេទ្យបង្អែកពួក។ ចំណែកប្រពន្ធ ត្រូវរងរបួសមុតចូលសាច់ពោះក្បែរក្រលៀនខាងស្ដាំ១កន្លែង,មុតរយះដៃសាច់ដៃស្ដាំ១កន្លែង ធ្ងន់ធ្ងរកំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្ត។
លោកអធិការបន្តថាជុំវិញការបំភ្លឺលោកមេភូមិ និងពលរដ្ឋរស់នៅជិតខាង
បានឱ្យដឹងថា៖ ប្តីប្រពន្ធ ពួកគេមានជំលោះញឹកញ៉ាប់ ភាគីប្ដីតែងតែប្រច័ណ្ឌប្រពន្ធខ្លាំង រយៈពេលអំឡុង១ខែមុននេះគ្រួសារពួកគេជំលោះគ្នា។ ភាគីប្តីនៅហូបបាយវត្តត្រកៀត (ជិតផ្ទះ)មិនបាននិយាយរកប្រពន្ធទេ។ លុះក្នុងពេលកើតហេតុភាគីប្រពន្ធកំពុងបោកខោ-អាវនៅមាត់ស្រះក្នុងបរិវេណវត្តត្រកៀត -ត្រូវប្ដីទៅរករឿងប្រវាយប្រតប់ឈានដល់ការចាក់ទៅទៅលើប្រពន្ធនិងចាក់ខ្លួនឯងតែម្ដង។
បើតាមអធិការថាពេលនេះសាកសពប្ដី ត្រូវបានបញ្ជូនមកដល់វត្តត្រកៀតវិញ។ដោយលោកសហការជាមួយការិនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត ពិនិត្យសាកសព ឃើញមានរបួស មុតចូលសាច់ពោះប្រវែង បណ្ដោយ៤សង់ទីម៉ែត្រ មុខកាត់ប្រវែង២សង់ទីម៉ែត្រ។ ក្រោយពិនិត្យតាមនីតិវិធីសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕