ខេត្តក្រចេះ នៅ ក្នុងកំឡុងពេល ២- ៣ ថ្ងៃនេះមានរថយន្តកាមរី ស៊េរី៩៥ បាឡែន រថយន្តហៃឡេនឌើរ័ និងម៉ូតូ ជាច្រើនគ្រឿង បាននឹងកំពង់តែដឹកជញ្ជូនឈើធ្នង់ ចេញពីឃុំ កន្តួត ស្រុកចិត្របូរី ដើម្បី យកទៅលក់ឲ្យមេឈ្មួញមួយចំនួនដែល ឈរ ចាំទទួលទិញឈើពីពួកគេនៅចំណុច ភូមិ ត្រពាំងស្រែ ឃុំពីរធ្នូរ ស្រុកស្នួល ខេត្តក្រចេះ ។
ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើធ្នង់ខុសច្បាប់របស់ក្រុមឈ្មួញចេញពីចំណុចខាងលើនេះ ប្រជាពលរដ្ឋនៅ ភូមិកន្តួតបានបង្ហើបឲ្យដឹងថា ក្នុងចំណោម រថយន្តដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ទាំងនោះត្រូវ បានពួកគាត់ស្គាល់ឈ្មោះយ៉ាងច្បាស់ថា គឺជារថយន្តដឹកឈើរបស់លោក ពក លោក ហុង លី លោក ចិន នឹងលោក ធា ប្រភពបានបន្តទៀតថា បើទោះបីជាក្រុមឈ្មួញទាំងនោះបាននាំគ្នាដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ចេញពីឃុំកន្ទូតយ៉ាងណាក៍ដោយ ក៏លោកសុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតមិនចាត់វិធានការបង្ក្រាបនោះដែរ ។
ចំណែកឯប្រភពព័ត៌មានពីភូមិត្រពាំងស្រែ វិញ ក៍បានប្រាប់ឲ្យដឹងដែរថា ពួកគាត់បានសង្កេតឃើញនៅក្នុងកំឡុងរយ:ពេល ២- ៣ យប់នេះ មានរថយន្តនឹងម៉ូតូជាច្រើនគ្រឿងបានដឹកជញ្ជូនឈើធ្នង់ឆ្ពោះកាន់ចំណុចត្រពាំងស្រែយ៉ាងពិតប្រាកដមែនដោយមិនខុសពីសេចក្ដីរាយការណ៏ របស់ប្រជាពលរដ្ឋនៅឃុំកន្ទួតដែលភ្នាក់ងារកាសែត កម្ពុជាថ្មី ប្រចាំខេត្តក្រចេះទទួលបាននោះទេ ហើយឈើធ្នង់ដែលក្រុមឈ្មួញបានដឹកជញ្ជូនចេញពីឃុំកន្ទួតឆ្ពោះទៅកាន់ចំណុចត្រពាំងស្រែ ស្រុកស្នួល សព្វថ្ងៃនេះ គឺពួកគេយកឈើធ្នង់ទាំងនោះទៅលក់ឲ្យ លោក ហាក់ នឹង
លោក ប៉ក់វី ជាមន្ត្រី ប៉ូលីស ឈរជើងនៅអង្គរភាពវ:ការពារព្រំដែនគោក លេខ៦ -១៩ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។ ទាក់ទិនជុំវិញបញ្ហានៃការដឹកជញ្ជូនឈើធ្នង់ខុសច្បាប់របស់ក្រុមឈ្មួញចេញពីចំណុចឃុំកន្ទួតនេះដែរ កាសែតកម្ពុជាថ្មី ប្រចាំខេត្តក្រចេះ ក៏បានទូរស័ព្ទទៅសុំការបំភ្លឺពីលោក សុខគោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតជាច្រើនលើក ច្រើនសារដែ រ ក៍ប៉ុន្ដែ គាត់មិនបានលើកទូរស័ព្ទឆ្លើយតបមកវិញនោះទេ៕ ម៉េង ហ៊ាង