កំពង់ឆ្នាំង៖បុរសជាអ្នកឆក់ត្រីជើងខ្លាំងនិងដ៏សកម្មម្នាក់ដែលធ្លាប់បានតដៃជាមួយសមត្ថកិច្ចកន្លងមកត្រូវបានមន្ត្រីខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែកនិងសង្កាត់រដ្ឋបាលជលផលធ្វើការប្រដេញតាមចាប់កាណូតនិងខ្លួនគេបានក្នុងពេលគេឆក់ត្រីរួមនិងវត្ថុតាងបទល្មើស។កិច្ចបង្ក្រាបនេះបានឡើងនៅវេលាម៉ោង៦និង១០នាទីទៀបភ្លឹថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចដីដុលស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនល្មើសរូបឈ្មោះ ជៀប អោ អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង មានមុខរបរជាអ្នកឆក់ត្រីជើងខ្លាំងជាយូឆ្នាំមកហើយ។
សមត្ថកិច្ចបង្ក្រាបករណីនេះបាននិយាយអោយដឹងថា៖ មុនពេលបង្ក្រាបសមត្ថកិច្ចជំនាញបានទទួលព័ត៌មានជាក់លាក់ថា ជនល្មើសខាងលើនេះតែងចេញឆក់ត្រីតែនៅពេលទៀបភ្លឺ មិនសូវខានឡើយ ខណៈនោះសមត្ថកិច្ចជំនាញបានប្រើប្រាស់កម្លាំងសរុបចំនួន១២នាក់ និងកាណូតស្មាច់ចំនួន៥គ្រឿង ពេលឃើញគេឆក់ត្រីក៍ដេញតាមការណូតគេ តាំងពីចំណុចកំពង់អូសរហូតដល់ចំណុចកើតហេតុទើបចាប់បាន។ខណះដែលជនល្មើសបានបើកកាណូតបំបុកកាណូតសមត្ថកិច្ច ដើម្បីព្យាយាមរត់គេចខ្លួន និងបានបោះចោលឧបករណ៍ឆក់ត្រីបន្លំភ្នែកសកត្ថកិច្ច ហើយជនល្មើសបានតដៃជាមួយសមត្ថកិច្ចទៀតផងប៉ុនប៉ងគេចខ្លួន។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានៈ កាណូតបាឡាស្មាច់មួយគ្រឿង អាគុយសម្រាប់ឆក់ត្រី៣គ្រឿង ក្បាលអាំងវ៉ាត់ទ័រឆក់ត្រីមួយគ្រឿង ភ្លើងកែវ២ ដងឆក់ត្រីមួយគូរ ខ្សែភ្លើងនិងដែកបន្តចរន្តមួយដុំ និងត្រីដែលឆក់បានមួយចំនួនផងដែរ។ សមត្ថកិច្ចអោយដឹងទៀតថាៈ ជនល្មើសខាងលើនេះជាជើងខ្លាំងឆក់ត្រីដ៍សកម្មយូរឆ្នាំមកហើយ ពីមុនមកពុំដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបានម្តងឡើយ គឺគេរត់គេចខ្លួនបានរហូត តែពេលនេះបានធ្លាក់ក្នុងដៃរបស់សមត្ថកិច្ចហើយ ព្រោះថាជុងមិនដែលភ្លេចកុកឡើយ។
ជនល្មើសរូនេះត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់តុលាការខេត្តនៅល្ងាចថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៤នេះហើយ។ ករណីបង្ក្រាបបានជនល្មើសដ៏សកម្មខាងឆក់ត្រីនេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេមានការអបអរសាទរយ៉ាងខ្លាំង ពួកគាត់សំណូមពររដល់តុលាការខេត្ត មេត្តាកាត់ទោសជនល្មើសជើងខ្លាំងនេះអោយបានម៉ឺងម៉ាត់តាមបញ្ញាត្តិនៃច្បាប់ជលផលមិនត្រូវអត់អោនអោយឡើយ៕