ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យ និងតម្រង់ទិសក្នុងការកសាងផែនការសកម្មភាពឆ្នាំ២០២០ ដល់អស់លោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ លោក លោកស្រីអធិការរងទាំង០៩ ក្រុង-ស្រុកនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពិធីនេះ បានធ្វើឡើងនៅ ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល មានមតិលើកឡើងថា ការកសាងផែនការសកម្មភាព ដើម្បីជូនអង្គភាពសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផែនការសកម្មភាព គឺមានការពាក់ព័ន្ធទៅនឹងផែនការយុទ្ធសាស្រ្ដ តាមដំណាក់កាលនីមួយៗ ដែលជាត្រីវិស័យ សម្រាប់ចង្អុលបង្ហាញទិសដៅ ក្នុងការអនុវត្តភារកិច្ចជំនាញជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ។ ហើយត្រួតពិនិត្យលើកិច្ចការងារដែលអនុវត្តបាន នាពេលកន្លងមក ដើម្បីរកឲ្យឃើញចំនុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម ដើម្បីប្រជុំដកបទពិសោធន៍ និងវាយតម្លៃ ទៅលើកិច្ចការងារ សម្រាប់លើកទិសដៅអនុវត្តបន្ត ។
ការធ្វើផែនការសកម្មភាព នេះដែល ជានិច្ចកាលលោកឧត្តមសេនីយ៍ ស្នងការ តែងតែលើកឡើង ក្នុងកិច្ចប្រជុំនាពេលកន្លងមក ដល់បងប្អូនជាថ្នាក់ដឹកនាំផែនជំនាញ ព្រមទាំងការិយាល័យជំនាញនីមួយៗ ឲ្យបានយល់ដឹងអំពីភារកិច្ច រួមទាំងធ្វើការអនុវត្តភារកិច្ចជំនាញ តាមទំរង់បែបបទ របៀបរបបការងារជំនាញ ស្របតាមតួនាទី ភារកិច្ចរបស់ការិយាល័យជំនាញនីមួយៗ ។
លោក ស្នងការនគរបាលខេត្ត បន្តលើកឡើង សូមឲ្យបងប្អូនជាថ្នាក់ដឹកនាំតាមបណ្តាផែនការងារជំនាញការិយាល័យជំនាញ រួមគ្នាគិត រួមគ្នាធ្វើ ក្នុងកសាងផែនការសកម្មភាព ដើម្បីពង្រឹងអភិវឌ្ឍជំនាញរបស់ខ្លួន ឲ្យកាន់តែរឹងមាំ និងមានការរីកចម្រើនបន្ថែមទៀត បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់ពីផែនជំនាញ របស់រហូតដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបន្ត
ពង្រឹងក្នុងការគ្រប់កងកម្លាំង តាមបណ្ដាអង្គភាពនីមួយៗ ឲ្យបានរឹងមាំ ជាពិសេសវេនប្រចាំការ ឬវេនប្រចាំបញ្ជា តាមអង្គភាព ដើម្បីត្រៀមលក្ខណៈរួចជាស្រេច សម្រាប់កិច្ចប្រតិបត្តិការ តាមគោលដៅសំខាន់ៗនីមួយ ដើម្បីថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តធ្វើការណែនាំដល់កងកម្លាំងទាំងអស់ បន្តខិតខំធ្វើអំពើល្អជាមួយជាប្រជាពលរដ្ឋ យល់ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ នាពេលជួបការលំបាក ឬនាគ្រាមានអាសន្ន អន់ក្រ ចូលរួមឧបត្ថម្ភ គាំទ្រដោះស្រាយចែកក្ដីសុខផ្ទាល់ខ្លួន ដល់អ្នកផងទាំងពួង ៕ ដោយ ប៊ុន រដ្ឋា