កំពង់ឆ្នាំង៖បុរស២នាក់បានភ័យស្លន់ស្លោរព្រលឹងចុងសក់ខណៈដែលគេបើកបររថយន្ត RUS ទាំងងងុយដេក បានរេចង្កូតទៅបុករថយន្តដឹកទឹកកកពេញទំហឹង បណ្តាលអោយ រថយន្តទាំង២ខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣៥នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នៅមុខផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ 
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងថា៖មុនពេលកើតហេតុគេឃើញរថយន្តម៉ាកPRUS ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ជិះគ្នា២នាក់បានបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើនេះបានរេចង្កូតទៅខាងឆ្វេងរកបុករបងផ្ទះអ្នកស្រុក តែអ្នកបើកបរបានទាញចង្កូតមកស្តាំវិញហើយបានបុកជាមួយរថយន្តដឹកទឹកកកអនាម័យភ្នំពេជ្រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយទឹកប៊ិច ពេញទំហឹង បណ្តាលអោយរថយន្តទាំង២ខ្ទេចមុខធ្ងន់ធ្ងរទាំងសងខាង ។
បុរសទាំង២នាក់ជាម្ចាស់រថយន្តPRUSបានប្រាប់បានអោយដឹងថា៖គាត់មិនបានគេង១យប់ ហើយត្រូវបើករថយន្តពីភ្នំពេញទៅខេត្តបាត់ដំបងទៀត តែពេលបើកមកដល់ចំ ណុចកើតហេតុស្រាប់តែរថយន្តរេចង្កូតទៅឆ្វេងទាំងមិនដឹងខ្លួន ដោយសារតែងោកងុយមួយភ្លែត នៅពេលទាញ ចង្កូតមកវិញស្រាប់តែបុករថយន្តដឹកទឹកកកតែម្តង ពួកគេទាំង ២នាក់ក៏បានរងរបួសស្រាលផងដែរ។ ក្រោយពេលកើតហេតុ ភាគីរថយន្តPRUS បានចេញសងទៅភាគីរថយន្តដឹកទឹកកក ចំនួន៤០០ដុល្លាដើម្បីបញ្ចប់រឿង ហើយម្ចាស់រថយន្តទាំង២បានយករថយន្តទៅជួសជុល រៀងៗខ្លួន មិនរំខានអោយសមត្ថកិច្ចពិបាកដោះស្រាយឡើយ៕



































