អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​ធ្វើ​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​រស់រវើក​ និង​មាន​សិល្បៈ​នៃ​ការ​ចែករំលែក​

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​​ ឲ្យ​ធ្វើ​ការ​ដឹកនាំ​ប្រកបដោយ​ភាព​រស់រវើក​ ​នឹង​មាន​សិល្បៈ​នៃ​ការ​ចែករំលែក​ទៀត​ផង​ ព្រោះ​ថា​រាល់​ភាព​ជោគជ័យ​ គឺផ្តេីម​ចេញ​ពីមាន​ការ​ឯកភាព​ផ្ទៃក្នុង​ ដូច្នេះ​ត្រូវ​យល់​អំពី​សិល្បៈនៃការ​ដឹកនាំ​ឲ្យ​បាន​រីកចម្រើន​ ដោយឡែក​មន្ត្រី​ បេី​ដឹង​ខ្លួន​ថា​មាន​កំហុស​ឆ្គង​ គឺត្រូវ​ធ្វើការ​កែប្រែ​ជា​បន្ទាន់​ផងដែរ​​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លេីក​ទី​១២​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​ អាណត្តិ​ទី​៣​ ដែល​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​ មន្ទីរ​ អង្គភាព​​ជុំវិញខេត្ត​ និង​មន្ត្រី​​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​​ ចំពោះ​អ្នក​ជំងឺ​កូវីដ​១៩​ ចំនួន​១៦នាក់​ ក្នុង​ខេត្តកំពង់ចាម​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ហើយ​ ដោយឡែក​អ្នក​ជំងឺ​ទូទាំង​ប្រទេស​ ដែល​មាន​ចំនួន​១២២នាក់​​ ក៏បាន​ព្យាបាល​ជាសះស្បើយ​ ចំនួន​១២០​នាក់​ ហើយ​ដែរ​ ទោះ​ជា​យ៉ាង​ណា​ យើង​នៅ​តែ​មាន​ក្តី​ព្រួយ​បារម្ភ​ ព្រោះវីរុស​ជំងឺ​កូវីដ១៩​ មិនទាន់ទៅណាឆ្ងាយពីយេីងនៅឡេីយទេ​ បេីយេីងធ្វេសប្រហែស​តែ​បន្តិច​នោះ នឹងមានហានិភ័យខ្ពស់ណាស់​ ក្នុងការចម្លងវីរុសនេះ​ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត​ ដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរជាមិនខាន​ ដូច្នេះ​សូមឲ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ នៅ​តែ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ​ជាបន្ត​ទៀត​ ដេីម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល​ និងគម្លាតសុវត្ថិភាពសង្គម​ និងប្រេីប្រាស់ម៉ាស់​ ព្រមទាំង​ធ្វើ​អនាម័យ​ជា​ប្រចាំ​ ឲ្យបានគ្រប់ៗគ្នា​ផងដែរ​។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បាន​ដឹកនាំ​ការ​​អនុម័តលើរបៀបវារៈ​ចំនួន​៤​ ក្នុង​នោះ​មាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ អាណត្តិទី៣​។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីការអនុវត្តន៍ការងារប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២០​ របស់រដ្ឋបាលខេត្ត។​ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១​ របស់មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តកំពង់ចាម។​ និង​៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២០​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ផងដែរ​ ៕