កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើន នៃគម្រោងអភិវឌ្ឍន៍សាងសង់ច្រាំងទន្លេមេគង្គ ស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេ ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធផងដែរ។
គួររំលេចផងដែរថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានកំពុងសិក្សាគម្រោង សាងសង់ខឿនច្រាំងទន្លេ ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរ នាពេលកន្លងមកផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញឲ្យក្រុមហ៊ុនម៉ៅការ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងសិក្សាបច្ចេកទេស ឲ្យបានច្បាស់លាស់ ក្នុងការសាងសង់ខឿនច្រាំងទន្លេ ដោយមានគុណភាពរឹងមាំល្អ សម្រាប់ជារបាំងការពារទឹកជំនន់ទន្លេមេង្គ ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការ ឲ្យធ្វើការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណា ឲ្យការសាងសង់ច្រាំងទន្លេនេះ រួចមុនរដូវទឹកឡើងនាពេលខាងមុខនេះផងដែរ ៕