(កំពង់ធំ)៖ អាណោចអាធ័មណាស់ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែទៅឆ្កឹះដីឥដ្ឋនៅមាត់ស្រះ យកមកលុញធ្វើគ្រាប់សូន្យមិនបានប្រយ័ត្ន បណ្ដាលឱ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់ កាលពីវេលាម៉ោង១៧ និង ៣០នាទីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តពង់ធំ។សពក្មេងប្រុសរងគ្រោះឈ្មោះ រី យ៉ាង អាយុ ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឪពុកម្ដាយ ភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះ បៀន ភា អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ជាម្តាយកុមាររងគ្រោះបាន រៀបរាប់ថា៖ មុនពេលកើតហេតុ ម៉ោងប្រហែល ១៦ និង ០០នាទី កូនប្រុសគាត់បានដើរ ទៅក្រោយផ្ទះកើបដីនៅមាត់ស្រះយកមកលុញជាគ្រាប់សូន្យ តែគាត់ពុំបានឃើញត្រឡប់មកផ្ទះវិញទេ គាត់មានការសង្ស័យ ថាកូនលង់ទឹកស្រះ គាត់ក៏មកហៅអ្នកភូមិឲ្យជួយមុជទឹករាវរក ក៏ប្រទះឃើញកូនរបស់គាត់ស្លាប់ក្នុងស្រះទឹកតែម្តង។ទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចយើងបាន ចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យសព តាមការពិនិត្យសព យើងពុំឃើញមានស្លាកស្នាមអ្វីគួរអោយសង្ស័យឡើយ ។
ឆ្លងតាមការពិនិត្យសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា កុមាររងគ្រោះបាន ស្លាប់ដោយសារលង់ទឹកក្នុងស្រះ។
មូលហេតុ: ដោយសារទៅឆ្កឹះដីឥដ្ឋមាត់ស្រះ យកមកលុញគ្រាប់សូន មិនបានប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់តែម្ដង។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សព ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕