កំពង់ចាម: ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយសហការី នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាកញ្ចប់អាហារ សម្រាប់ទទួលទានខែបួសរ៉ាម៉ាឌន ជូនដល់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ដែលជួបការលំបាកក្នុងជីវភាព ចំនួន១០០គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយក្នុងមួយគ្រូសារទទួលបាន អង្ករ១០គីឡូ និងគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា ស្ករសរ ត្រីខ ទឹកដោះគោ ប្រេងឆា អំបិល និងដំណាប់ផ្លែល្មេី០១កញ្ចប់ផងដែរ។ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងថា ប្រទេសកម្ពុជាយេីងមានសុខសន្តិភាព ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាពមួយនេះ ឲ្យបានគង់វង្ស ដេីម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា ថ្វីត្បិតតែស្ថានភាពនៃជំងឺកូវីដ១៩ នាដំណាក់កាលបច្ចុប្បន្ននេះ មានការថប់ថយចុះក៏ពិតមែន តែយើងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ គឺត្រូវបន្តការអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម ព្រមទាំងធ្វើអនាម័យ ជាប់ជាប្រចាំ ឲ្យបានគ្រប់ៗគ្នា ពោលគឺត្រូវយកចិត្តទុកដាក់ បន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលេីកឡេីងផងដែរថា ការស្លៀកពាក់ស្បៃបិទជិតទាំងក្បាល និងមុខ ត្បិតមានពលរដ្ឋខ្លះនៅប្រទេសឥស្លាមក្នុងតំបន់មួយចំនួន ជាពិសេសនៅមជ្ឈឹមបូព៌ា ដែលអនុវត្តយកការគ្របមុខសម្រាប់ស្រ្តី ពេលចេញទៅតំបន់សាធារណៈនោះ គ្រាន់តែជាការយល់ឃើញមួយជ្រុងជាមួយនឹងប្រពៃណីរបស់ពួកគាត់ ស្របតាមស្ថានភាពនៅប្រទេសគាត់តែប៉ុណ្ណោះដែលមិនមែនជាកាតព្វកិច្ចនៃច្បាប់ឥស្លាមនោះទេ។ ស្ថានភាពនៅកម្ពុជាយើងពីដើមមកពុំមានឡើយការស្លៀកពាក់បែបនេះ ទាំងក្របខណ្ឌប្រពៃណី រឺក្របខណ្ឌសាសនាឥស្លាម គ្រាន់តែទើបបច្ចុប្បន្នយើងឃើញថាមានមួយចំនួនតូច បានយកការអនុវត្តប្រពៃណីនេះ ហើយយល់ឃើញថា ជាកាតព្វកិច្ចក្នុងច្បាប់ឥស្លាម តែតាមពិតស្រ្តីឥស្លាម គេអនុញ្ញាតអោយបើកទម្រង់មុខ និងប្រអប់ដៃ ដោយមិនមានបញ្ហាអ្វីឡើយ ៕