ព្រះវិហារ៖ ឯកសណ្ឋានប្រជាការពារភូមិចំនួន១៣កំប្លេ ក្បាលគោមចំនួន១៣ និងវិទ្យុសម្រាប់ទាក់ទងចំនួន១៦គ្រឿង«អាយកូម» ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ រួមនឹងលោក ប្រាក់ ភី មេឃុំស្រអែម ត្រូវបានធ្វើការបំពាក់ជូនប្រជាពលរដ្ឋអ្នកស្មាក់ចិត្តភូមិធម្មជាតិសម្តេចតេជោចំនួន១៣នាក់ ដើម្បីមើលថែ រក្សាការពារជុំវិញតំបន់អភិរក្សសត្វស្លាបកំពុងរស់នៅ ក្នុងអាងបង្ហៀរទឹក ទំនប់អូស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រអែម ។មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង បានណែនាំទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកស្ម័គ្រចិត្តទាំង១៣នាក់ ដោយធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់ ប៉ុន្តែទន់ភ្លន់។
ពិសេសត្រូវចេះសហការគ្នាឲ្យបានល្អ និងជាប់ជាប្រចាំ ជាមួយកម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការទប់ស្កាត់បង្ក្រាបចំពោះជនខិលខូចដែលមានបំណងលបលួចបាញ់ប្រហារសត្វស្លាបដ៏កម្រ និងការនាំយកឧបករណ៍ គ្រប់ប្រភេទចូលមកធ្វើការដាក់នេសាទ នៅក្នុងអាងបង្ហៀរទឹក ទំនប់អូស្វាយ ដែលអាជ្ញាធរបានធ្វើការហាមឃាត់ ដើម្បីទុកឲ្យតំបន់មួយនេះក្លាយជាកន្លែងដ៏អស្ចារ្យមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តផងដែរ ។យោងតាមរបាយការណ៍ហេតុរបស់លោក នៀម អំ ប្រធានក្រុមប្រជាការពារធនធានធម្មជាតិអាងបង្ហៀរទឹកទំនប់អូរស្វាយបានបង្ហាញថា គិតចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ មកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងប្រជាការពារភូមិធម្មជាតិសម្តេចតេជោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រអែម បានចុះប្រតិបត្តិការដកហូតយកឧបករណ៍នេសាទនៅក្នុងបរិវេនទំនប់អូរស្វាយ បានដៃធ្វេីអំពីស្បៃសាច់អ៊ួន ចំនួន ៧ដៃ ក្នុងមួយដៃប្រវែងប្រហែល២០ម៉ែត្រ ទៅ ២៥ម៉ែត្រ, សាច់ស្បៃអ៊ួនដាក់រាំងយកត្រីចំនួន ១៦ដំុ, លបដាក់យកត្រី ចំនួន ១៦លប, ដងដៃឆក់ត្រី ១គូ, និងកាំភ្លេីងស្នាកៅស៊ូចំនួន ០១, បច្ចុប្បន្នចំពោះវត្ថុតាងទាំងអស់ខាងលើត្រូវបានក្រុមការងារប្រជាការពារ ធ្វើការប្រគាល់ជូន ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្រអែម ដើម្បីរក្សាទុកជាវត្ថុតាងល្មើសផងដែរ៕