ខេត្តកំពង់ធំ.រថយន្តយីឌុប មួយគ្រឿង ដឹកឈើចាស់ បន្លំដឹកឈើថ្មី ចេញពីស្រុកសណ្តាន់ ខេត្តកំពង់ធំ សង្ស័យមានការឃុបឃិតគ្នា ពីមន្រ្តីជំនាញរដ្ឋបាលព្រៃទំរីង ក្នុងការពេញចិត្តនិងទង្វើ កន្ទេលធំបន្លំដេក បណ្តោយឲ្យមានការដឹកជញ្ជូនឈើ តែ ត្រូវជាប់អន្ទាក់កម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំ
សកម្មភាពដឹកឈើដោយរលូនរបស់ចែពៅ ដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំបង្រ្កាប បាននៅយប់ថ្ងៃទី11 ខែឧសភាឆ្នាំ២០២០ បន្ទាប់មកក៏យកមករក្សាទុកនៅ ក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីធ្វើកំណត់ហេតុ ចំពោះរថយន្ត ជាប្រភេទយីឌុប ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ4A_3043 ដឹកប្រភេទលេខ2 ប្រមាណជាង40 ម៉ែត្រគូប!
យោងតាមកំណត់ហេតុ ជាឈើលក់ឡៃឡុង របស់ក្រុមហ៊ុនទី្រភាព តែត្រូវបានប្រគល់ផ្ទេរសិទ្ធ នៅថ្ងៃទី18 ខែកញ្ញាឆ្នាំ2019 ពីក្រុមហ៊ុនអង្គរផ្លាយវូតឱ្យឈ្មោះអ៊ុន ម៉ៅ ភេទប្រុស ក្នុងការទំនាក់ទំនង សមត្ថកិច្ចដឹកជញ្ជូន ដែលមានសុពលភាពត្រឹមថ្ងៃទី31 ខែមីនាឆ្នាំ២០២០ តែឈ្មួញបាន ប្រើប្រាស់លិខិតនេះដឹកជញ្ជូនរហូតដល់ ថ្ងៃទី12 ខែឧសភាឆ្នាំ២០២០ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើការឃាត់រថយន្ត!
មតិយោបល់ របស់មហាជន បានរិះគន់យ៉ាងចំៗ មកលើសមត្ដកិច្ចជំនាញ រដ្ឋបាលព្រៃឈើ ដែលបាន ឃុបឃិតគ្នា អនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើដែលលិខិតស្នាមហួសសុពលភាព គឺស្មើរនឹងខុសច្បាប់ទាំងស្រុង ព្រោះច្បាប់មិនមានចែងនៅ ក្នុងមាត្រាណាឡើយ ដែលអនុគ្រោះឲ្យមានការប្រើប្រាស់លិខិតហួសសុពលភាពនោះឡើយ!
ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ អង្គភាពសារព័ត៌មាន ព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ប៊ុន សុធី នាយខណ្ទរបាលព្រៃឈើកំពង់ធំ ចំនួន6ដង តែមិនលើកទូរស័ព្ទ ក្នុងនោះដែរ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្ម ខេត្តកំពង់ធំ បានបញ្ជាក់ថា ការឃាត់រថយន្តដឹកឈើនេះ គឺដោយសារតែលិខិត ហួសសុពលភាព តែបើមានការលួចដាក់ឈើថ្មី លើសដូចតាមសេចក្តីរាយការណ៍ លោកគាំទ្រឲ្យបង្រ្កាប!
មហាជនកំពុងតែរងចាំមើលថា តើរថយន្តដឹកឈើ ធុនយក្យនេះ ដែលជារបស់អ្នកមានលុយ មានអំណាច ស្ថាប័នអនុច្បាប់ និងសមត្ថកិច្ចជំនាញ អាចឃាត់រថយន្តដឹកឈើគ្មានច្បាប់អនុញាតិនេះ បានប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃ ដោយសារតែកន្លងមក ប្រជាពលរដ្ឋស្រែកថ្ងូរជាខ្លាំង ចំពោះភាពអយុត្តិធម៌ធម៌ ក្នុងការអនុវត្តច្បាប់ចំពោះរាស្រ្ត និងអ្នកមានលុយ!