កំពង់ឆ្នាំង៖រថយន្តដឹកឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចចំរុះសហការគ្នាឡោមព័ទ្ធចាប់បាន ប៉ុន្តែជនល្មើសនៅក្នុងរថយន្ន៣នាក់ ត្រូវបានមន្ត្រីនគរបាលខេត្តម្នាក់ និងមេព្រៃផ្នែករមាសម្នាក់ទូរស័ព្ទប្រាប់អោយរត់គេចខ្លួនបាត់។ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ នៅលើផ្លូវលំក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានអោយដឹងថា៖រថយន្តដែលសមត្ថកិច្ចចំរុះចាប់បានម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ង៦៩០៤ ភព២ ដឹកឈើប្រណិតប្រភេទធ្នង់ចំនួន៨ដុំដែលមានទំហំពី២តឹកទៅ៣តឹក និងមានបណ្ដោយ២ម៉ែត្រ។សមត្ថកិច្ចចំរុះដែលបានសហការគ្នាបង្រាបករណីនេះ រួមមានលោកអធិការនគរបាលស្រុកទឹកផុស មន្ត្រីនគរបាលប៉ុស្តិមូលដ្ឋាន មន្ត្រីយោធាស្រុកនិងមន្ត្រីអង្គការអភិរក្ស សរុបមានគ្នាចំនួន១៣នាក់។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ឈើប្រណិតខាងលើនេះត្រូវបានជនល្មើសដឹកតាមរទេះគោពីស្រុកភ្នំក្រវ៉ាញខេត្តពោធិសាត់ យកមកលាក់ទុកក្នុងភូមិសាស្ត្រ ឃុំជៀប ស្រុកទឹកផុស ហើយត្រូវបានពួកឈ្មួញទុច្ចរិតប្រមូលទិញដឹកយកទៅលក់បន្តនៅទីក្រុងភ្នំពេញ។ចំណែកម្ចាស់រថយន្ននិងម្ចាស់ឈើទាំង៣នាក់ដែលបានរត់គេចបាត់នោះ ពួកគេមានខ្នងលោកសក្ក័បួនកន្លះម្នាក់ មានតំណែងជានាយរងការិយាល័យដ្ឋានកណ្តាលប្រឆាំងបទល្មើសនៃស្នងការនគរបាលខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើផ្នែករមាសម្នាក់ជាមេកាងនៅពីក្រោយខ្នង ដែរពួកគេធ្លាប់បានដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅទីក្រុងភ្នំពេញរាប់សិបជើងមករួចមកហើយ។
ជាក់ស្ដែងក្នុងពេលសមត្ថកិច្ចចំរុះស្ទាក់ចាប់បានរថយន្នដឹកឈើប្រណិតរបស់ពួកគេៗ បានទូរស័ព្ធសុំអន្តរាគមពីមេកាងជាខ្នងបង្អែកទាំង២នាក់របស់គេ ខណះនោះដែរមេកាងទាំង២នាក់បានបញ្ជារថា«ម្ដេចក៍ពួកឯងមិននាំគ្នារត់ទៅ នៅចង់អោយគេចាប់ដាក់គុក!! » ភ្លាមនោះដែរជនល្មើសទាំង៣នាក់ក៍នាំគ្នារត់គេចខ្លួនបាត់។សូមបញ្ជាក់ថា៖ អ្នកយកព័ត៍មានយើងបានអាត់សម្លេងសមត្ថកិច្ចម្នាក់ដែលបានរាយការណ៍អោយយើងយ៉ាងច្បាស់ថា៖ ពួកជនល្មើសទាំង៣នាក់បានឆ្លើយព្រមៗគ្នា ក្នុងពេលសមត្ថកិច្ចចំរុះចាប់រថយន្តបានថាៈ ពួកគេបានបង់លុយអោយមេព្រៃ និងលោកព្រះរាជអាជ្ញាហើយ ម៉េចក៏មានចាប់គេទៀត ដែលករណីនេះគេសង្ស័យថាមានពាក់ពន្ធ័និងមេកាងទាំង២នាក់ខាងលើនេះយកឈ្មោះលោកព្រះរាជអាជ្ញាដែលគេមិនដឹងអីមកប្រើ ដើម្បីយកលុយស៊ីចាយផ្ទាល់ខ្លួន៕
រថយន្តល្មើសនិងឈើប្រណិតជាវត្ថុតាង ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងលោកស្នងការនគរបាលខេត្តបញ្ជារ អោយសមត្ថកិច្ចចំរុះយករថយន្តមករក្សាទុកនៅក្នុងអធិកាដ្ឋាននគរ បាលស្រុកទឹកផុស ដើម្បីកសាងសុំណុំរឿងតាមនិតិវិធី និងត្រៀមបញ្ជូនទៅអោយអង្គភាពជំនាញចាត់ការបន្ត។សមត្ថកិច្ចចំរុះបានអោយដឹងទៀតថា៖ ករណីបង្ក្រាបខាងលើនេះពុំមានវត្តមានសមត្ថកិច្ចរដ្ឋបាលព្រៃឈើផ្នែករមាសមកសហការបង្ក្រាបឡើយ ដែលសំណុំរឿងនេះគួរតែបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងជាអ្នកកសាងសំណុំរឿង គឺប្រសើរជាងអោយអ្នកកាងបទល្មើសកសាងសំណុំរឿង៕