កំពង់ចាម: លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៏សាខាកាកបាទក្រកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនក្រុមគ្រួសារជនរងគ្រោះ ចំនួន៣គ្រួសារ នៅភូមិទី២ ឃ៉ំកោះសំរោង ស្រុកកំពង់សៀម ដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរផ្លូវទឹក កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ខណៈដែលជនរងគ្រោះទាំងនោះធ្វើដំណើរត្រឡប់មកពីពិធីមង្គលការនៅឃុំរំចេកវិញ។គួររំលឹកផងដែរថា មនុស្សចំនួន៣នាក់ ក្នុងចំណោម១០នាក់ ត្រូវបានបាត់ខ្លួន និងម្នាក់ទៀតត្រូវរងរបួស ខណៈទូកអូសយ៉ាងកាវ បេីកបុកជាមួយទូកប្រជាពលរដ្ឋ ដែលជិះឆ្លងទន្លេ គ្រាដែលជនរងគ្រោះត្រឡប់មកពីពិធីមង្គលការមួយ ហើយឆ្ពោះទៅកាន់លំនៅឋានរបស់ខ្លួន ស្ថិតនៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។
មេឃុំកោះសំរោងលោក សន សុខ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានករណីគ្រោះថ្នាក់ រវាង ទូកអូសយ៉ាំងកាវ បានបុកជាមួយនឹងទូកចាប់គែម របស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពី ចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១០នាក់ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ដោយទូកអូសយ៉ាំងកាវ បើកបុក នៅចំណុច កណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឲ្យលិចទូកចាប់គែមរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន៣នាក់បាត់ខ្លួន និងម្នាក់ទៀតរងរបួស ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ។
ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ ។
ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំ ។ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សពជនរងគ្រោះទាំង៣នាក់ ត្រូវបានរកឃើញ ហើយយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ខណៈដែលក្រុមគ្រួសារសព បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ៕