តាកែវ៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ដែលឈរក្នុងគោលដៅ ត្រូវអនុវត្តច្បាប់អោយសុក្រឹតចំពោះអ្នកប្រើប្រាស់លើទ្រូងផ្លូវដែលល្មើសច្បាប់ និងមិនត្រូវធ្វើអ្វីដែលខុស ឬផ្ទុយពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើយ ។
លោកស្នងការបានបន្តថា ក្រោយចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជិត២សប្តាហ៍នេះ យើងឃើញថា មានផលវិជ្ជមាន និងអវិជ្ជមានដូចគ្នា ផលវិជ្ជមាន ក្រោយការរឹតបន្តឹងច្បាប់ យើងសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមនុស្សស្លាប់និងរបួសមានការថយចុះជាកំហក ដែលនេះជាលទ្ធផលវិជ្ជមានក្នុងការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ មួយវិញទៀតចំពោះផលអវិជ្ជមាន គឺមិនមានបាតុភាពអ្វីដែលគួរអោយកត់សម្គាល់ក្នុងការចុះរឹតបន្តឹងច្បាប់នៅក្នុងភូមិសាស្ត្រទឹកដីខេត្តតាកែវឡើយ តែមានក្រុមជ្រុលនិយមបានឆ្លៀតឱកាសនេះធ្វើការផ្សព្វផ្សាយញុះញុង ក្នុងគោលបំណងបំពុលសង្គមលើគោលការដែលរាជរដ្ឋាភិបាលរបស់យើងកំពុងតែរឹតបន្តឹងច្បាប់ ដើម្បីការពារប្រជាពលរដ្ឋអោយរួចផុតឬថយចុះពីការកើតឡើងនៅគ្រោះថ្នាក់ចរាចរណ៍ ។
លោកស្នងការបានសង្កត់ធ្ងន់ថាចំពោះនគរបាលដែលល្មើសច្បាប់ និងត្រូវទទួលផាកពិន័យតាមច្បាប់ចរាចរណ៍ផង និងទទួលវិន័យរបស់អង្គភាពថែមទៀត ។
លោកវរៈសេន៍យឯក សៅ ច័ន្ទសំណាង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា ក្រោយការចុះរឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើទ្រូងផ្លូវមានការថយចុះ ៦៧ភាគរយ នេះបើគិតរយៈពេលដូចគ្នាចំនួន ១២ថ្ងៃ ក្រោយការចុះរឹតបន្តឹងច្បាប់ ។