លោកអភិបាលស្រុករវៀង នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនគ្រួសារក្រីក្រចំនួន ០៥គ្រួសារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០នេះ លោក​ ហោ​ ប៊ុនហួរ​ អភិបាល នៃគណៈអភិបាលស្រុករវៀង និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនគ្រួសារក្រីក្រសរុបចំនួន០៥គ្រួសារ នៅភូមិអន្លង់ស្វាយ ចំនួន០៣គ្រួសារ, ភូមិចម្លង ចំនួន០១គ្រួសារ, ភូមិថ្កែង ចំនួន០១គ្រួសារ ស្ថិតក្នុងឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។លោក ហោ ប៊ុនហួរ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូន និងមិនដែលមើលរំលងនូវទុកលំបាករបស់ប្រជាពលរដ្ឋឡើយ។

លោកអភិបាលស្រុកបន្តថា ថ្វីត្បិតតែអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូប និងមិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះឡើយ។ក្នុងឱកាសនោះដែរ លោកអភិបាលស្រុករវៀង ក៏បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ ការថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។គ្រួសារក្រីក្រចំនួន០៥គ្រួសារខាងលើ ដែលទទួលបានអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរួមមាន៖ អង្ករ៣០គីឡូក្រាម, មីកន្លះកេស, ប្រេងឆា១ដប និងតង់១។លោក ហោ ប៊ុនហួរ ក៏បានឧបត្ថម្ភបន្ថែមទាំង០៥គ្រួសាររួមមាន៖ ស្បែកជើង១គូរ, ក្រមា១, ខោចែវ១ និងថវិកាចំនួន១៣ម៉ឺនរៀល៕