ទីតាំងសង្វៀនជល់មាន់ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបើកទទួលអ្នកញៀនល្បែងចូលលេងយ៉ាងរលូនសមត្ថកិច្ចខណ្ឌមានជ័យមិនបានចំណាត់ការ!

ភ្នំពេញ៖សង្វៀនជល់មាន់ក្នុងខណ្ឌមានជ័យជាច្រើនកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ នៅឡើយទីតាំងសង្វៀនជល់មាន់មួយកន្លែងក្នុងដីឡូតិ៍ជាប់តារាងបាល់ទះក្បែរនឹងប្រឡាយ លូទឹកស្អុយ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបើកទទួលអ្នកញៀនល្បែងចូលលេងយ៉ាងរលូននិងអាណាធិបតេយ្យសមត្ថកិច្ចមិនបង្ក្រាប។ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា សង្វៀនមាន់ជល់ លេងរាល់ថ្ងៃតែម្តង ចាប់បើកពីរសៀល រហូតដល់យប់ទើបឈប់លេងយ៉ាងគគ្រឹកគគ្រេង បំ​ពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើ​រចេញ ដោយសាតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់នេះត្រូវជាមួយសមត្ថកិច្ចនៅក្នុងដែនដីរបស់ខ្លួន។ពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាលោក មេប៉ុស្តិ៍ និង លោក អធិការបានទទួលបានសំណែនពីម្ចាស់សង្វៀនមាន់ជល់ លក្ខណៈលេងដាក់លុយនោះហើយបានជាបណ្តែតបណ្តោយឲ្យមានបនល្បែងស៊ីសងយ៉ាងអនាធិបតេយ្យបែបនេះនៅក្នុងដែនដីដែលលោកគ្រប់គ្រង។កាលពីពេល កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់មួយកន្លែងក្នុងដីឡូតិ៍ជាប់តារាងបាល់ទះក្បែរនឹងប្រឡាយ លូទឹកស្អុយ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ ។​មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ​ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ​-​សង្កាត់​ មានសុវត្ថិភាព តែបែរជាក្នុង ​ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។​​​​បើ​តាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​កម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងគ្រប់​ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។​កន្លងមក លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ ថា លោកតែងតែបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាបរាយការណ៍មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ថាអត់មានទេ តែធាតុពិតមានបើកលេងយ៉ាងចំហរតែម្តង។ជុំវិញករណីនេះដែរភ្នក់ងារអង្គភាពសារព័ត៌មានយើងព្យាយាមទាក់ទងទៅលោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យប៉ុន្តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋរងចាំមើលលោកកែវ ពេជ្រមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ហ៊ានបង្ក្រាបទីតាំងសង្វៀនជល់មាន់ ក្នុងសង្កាត់បឹងទំពន់ទី១ ដូចនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែរឬទេ។តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃបានដាក់ចេញ ស្ថិតនៅឯណា៕