កំពង់ចាម: លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និង អនុសាខាស្រុក នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកព្រៃឈរ ចំនួន៩គ្រួសារ ដោយសរុបរួម ប្រជាពលរដ្ឋដែលរងគ្រោះ ទាំង៥២គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផងដែរ។ក្នុងឱកាសនោះដែរ លោកជំទាវអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ«ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាមួយគ្នានោះលោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយការលាងសំអាតដៃ ,ប្រើប្រាស់ម៉ាស់ ឬ ក្រម៉ា ឱ្យបានត្រឹមត្រូវ និងត្រូវថែរក្សា សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំផងដែរ។គួររំលឹកផងដែរថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣.៣០នាទី មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់ និងរន្ទះ បណ្តាលឲ្យរលំផ្ទះ ៤ខ្នង និងរបើកដំបូលចំនួន៤៨ខ្នង ក្នុងនោះ៖ នៅស្រុកបាធាយ រលំផ្ទះ ១ខ្នង និងរបើកដំបូលផ្ទះ២១ខ្នង, ស្រុកព្រៃឈរ រលំផ្ទះ ១ខ្នង និងរបើកដំបូលផ្ទះ៨ខ្នង, ស្រុកជើងព្រៃ រលំផ្ទះ២ខ្នង និងរបើកដំបូល ៣ខ្នង និងស្រុកចំការលើ របើកដំបូល១៦ខ្នង។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយខ្យល់កន្ត្រាក់ទាំង៥២គ្រួសារ ក៏បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផងដែរ ៕