កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាម្ចាស់ដីចំការក្នុងភូមិស្រែសារ និងភូមិជ្រេស ស្រុកសាមគ្គីមានជ័យ ជាច្រើននាក់បាននិយាយថាៈ លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ក្នុងពេលថ្មីៗនេះបានប្រឆាំងនិងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយបញ្ជារអោយគេឈូសឆាយដាំកូនឈើនៅលើដីចំការពួកគាត់ទាំងយប់ទាំងថ្ងៃ ប្រឆាំងនិងលិខិតលេខ ១២៨៦ កសក ចុះថ្ងៃទី២៧.០២.២០១៤ របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលតម្រូវ អោយធ្វើដោះស្រាយជម្លោះដីធ្លីទាំងអស់ជាមួយប្រជាពលរដ្ឋអោយរួចរាល់សិន ចាំបន្តគិតគូដំណើរបន្តទៀត។
តាមរបាយការណ៍លេខ ០១១ របក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ របស់លោក ចាន់ វឿន អភិបាលស្រុកសាមគ្គីមានជ័យ រាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងតាមការបំភ្លឺរបស់លោក ខៀវ ខយ មេភូមិជ្រេស និងលោក ឃ្លាំង រ៉ី មេឃុំក្រាំងល្វា បានបញ្ជាក់អោយដឹងថា៖ ដីតំបន់នេះជាដីចាស់ ដែលប្រជាពលរដ្ឋបានរស់នៅមុនឆ្នាំ១៩៧០ សម័យប៉ុលពត ជាទីតាំងចាស់ពិតប្រាកដ។ក្រោយឆ្នាំ១៩៧៩ ជាតំបន់អសន្តិសុខ ប្រជាពលរដ្ឋបានមករស់នៅប្រមូលផ្តុំក្នុងភូមិជ្រេសបច្ចុប្បន្ន តំបន់នេះប្រជាពលរដ្ឋបានកាន់កាប់ប្រើប្រាស់ តាំងពីឆ្នាំ១៩៨៤មកម្ល៉េះ។
មកដល់ឆ្នាំ២០០៧.២០០៨ ពួកគាត់មួយចំនួនក៏បានសំរេចចិត្តធ្វើការលក់តៗគ្នាដោយមានការទទួលស្គាល់ពីលោកមេភូមិ និងមេឃុំក្នុងលិខិតលក់ទិញត្រឹមត្រូវ និងមួយចំនួនទៀតពួកគាត់នៅតែរក្សាការពារជាទ្រព្យសម្បត្តិរបស់គាត់មកដល់បច្ចុប្បន្ននេះ។ ប្រជាពលរដ្ឋម្ចាស់ដីជាច្រើនគ្រួសារដែលខ្លះមានប្តីជាមន្ត្រីយោធា និងខ្លះជាកងអង្គរក្សថ្នាក់ដឹកនាំបាននិយាយអោយដឹងថា៖កន្លងមក លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយរងខណ្ណ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានបញ្ជារអោយគ្រឿងចក្ររបស់ក្រុមហ៊ុន OJ I PLANTATION FOREST ឈូសឆាយដីចំការដែលពួកគាត់កាន់កាប់យ៉ាងអាណាធិប្បតេយ្យពេលខ្លះលួចដាំឈើពេលយប់ទៀតផង។ទង្វើនេះមន្ត្រីខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានប្រឆាំងនិងលិខិតលេខ១២៨៦កសក ចុះថ្ងៃទី២៧.០២.២០១៤ របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលតម្រូវអោយធ្វើដោះស្រាយជម្លោះដីធ្លីទាំងអស់ជាមួយប្រជាពលរដ្ឋអោយរួចរាល់សិន ចាំបន្តគិតគូដំណើរការបន្តទៀត។
ប្រជាពលរដ្ឋទាំងអស់គ្នាជាម្ចាស់ដីដែលមានបញ្ហាខាងលើនេះ សូមគោរពស្នើសុំឯកឧត្តមរដ្ឋក្រសួងសិ កម្មមេត្តាជួយទប់ស្កាត់មន្ត្រីខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនិងក្រុមហ៊ុមអូជី បញ្ឈប់ការឈូសឆាយនិងដាំកូនឈើលើដីទំនាស់ជាបណ្តោះអាសន្នសិន ដើម្បីរួមគ្នាដោះស្រាយដោយសន្តិវិធី។ ទាក់ទងក្នុងរឿងខាងលើនេះនៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ អាជ្ញាធរស្រុកសាមគ្គីមានជ័យម្នាក់និ យាយសុំមិនអោយបញ្ចេញឈ្មោះបានអោយដឹងថា៖ ដីប្រជាពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុនអូជីជាមួ យ លោក វ៉ាន់ វីរ៉ាវុឌ្ឍី មានចំនួន១៩៧គ្រួសារ គឺនៅភូមិស្រែសារ៧២គ្រួសារ ភូមិជ្រេស៤១គ្រួសារ និងភូមិជំទាវជ្រែង៨៤គ្រួសារ។
ក៏ប៉ុន្តែក្រោយពីមានលិខិតណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មមកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានចុះសិក្សាដីដែលមានទំនាស់ខាងលើម្តងទៀត និងបានធ្វើការបូកសរុបរាយការណ៍ជូនទៅថ្នាក់លើរួចហើយ ដើម្បីធ្វើការសំរេចកាត់អោយប្រជាពលរដ្ឋឬទុកជាដីរបស់រដ្ឋ សំរាប់វិនិយោគដាំកូនឈើម្សៅក្រដាស តែខាងក្រុមហ៊ុនអូជី និងលោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី មិនបានគោរពតាមការណែនាំរបស់ក្រសួងឡើយ។
លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនៅថ្ងៃបុណ្យរុក្ខទិវាបាននិយាយថា៖ រឿងនេះឯកឧត្តមអភិបាលខេត្តខេត្តបានសំរេចអោយប្រជាពលរដ្ឋរុះរើចេញពីដីរដ្ឋដោយខ្លួនឯង បើមិនចេញទេ នឹងអោយជំនាញកសាងសំណុំរឿងប្តឹងទៅតុលាការ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តបាននិយាយអោយដឹងថា៖ លោកមិនទាន់សំរេចដូចការនិយាយខាងលើទេ គឹលោកកំពុងសិក្សាស្រាវជ្រាវជាមួយក្រុមការងារថ្នាក់ខេត្តជាមុនសិនទើបធ្វើការសំរបសំរួលដោះស្រាយ៕