បង្ក្រាប​សង្វៀន​ជល់មាន់​១កន្លែង​នៅ​ស្រុក​ជេីងព្រៃ​ ឃាត់​ខ្លួន​ជនសង្ស័យ​​១០នាក់​​ ដកហូតបាន​ម៉ូតូ​១៣គ្រឿង​ រថយន្ត​៤គ្រឿង​ រួម​នឹង​​វុត្ថុតាង​មួយ​ចំនួន​

0

កំពង់ចាម​:​ សង្វៀនប្រជល់​មាន់​ និង​អាប៉ោង​ បេីក​ដំណេីរ​ការ​​ដោយ​លួចលាក់​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​រវាង​ ឃុំ​ខ្នុរ​ដំបង​ ស្រុក​ជេីងព្រៃ​ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​​ឆ្មក់​ធ្វើ​ការ​បង្ក្រាប​​ ​កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២០​ ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​១០នាក់​ ​ព្រមទាំង​ដកហូតបាន​ម៉ូតូ​១៣គ្រឿង​ ​រថយន្ត​៤គ្រឿង​​ ​រួម​នឹង​​វុត្ថុតាង​មួយ​ចំនួន​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មានបទបញ្ជា របស់​គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កាំង គីមហុង អធិការរងស្រុកជេីងព្រៃ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង​ ព្រមទាំង​មាន​ការ​សម្របសម្រួលពីលោក សុធា ពិសិដ្ឋ​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលួចជល់មាន់មួយកន្លែង​ នៅ​ចំណុច​ដីវាលកប់ខ្មោច ស្ថិត​ក្នុង​ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហេីយ​ឈាន​ទៅ​ដល់​ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់​ ព្រម​ទាំងដកហូតបាននូវវត្ថុតាងរួមមាន​ ម៉ូតូចំនួន១៣គ្រឿង​ រថយន្ត០៤គ្រឿង មាន់ជល់ចំនួន០២ក្បាល(ងាប់)​ កន្ត្រក់ដាក់មាន់ចំនួន០២​ ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)​ កញ្ចក់សំរាប់បាំងមាន់ចំនួន០១​ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)​ ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)​ ធុងក្លាស្សេចំនួន០១​ និង​ហាន់តោ​សម្រាប់​លេងអាប៉ោងចំនួន០១​ ផងដែរ​។
ចំពោះជនសង្ស័យ​ និងវត្ថុតាងខាងលើ​ ត្រូវ​បានបញ្ជូនទៅស្នងការដ្ឋានរបស់ខេត្តកំពង់ចាម​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ ៕