កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីពាក់ព័ន្ធថា ធ្វើយ៉ាងណាត្រូវអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្នុងមូលដ្ឋានឲ្យដំណើរការបានល្អប្រសើរ ដើម្បីឲ្យរាជរដ្ឋាភិបាលបានជួយសង្គ្រោះដល់ពូកគាត់ទាន់ពេលវេលា តែកុំធ្វើការតាមរបៀបកន្ទេលធំបន្លំដេក។ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សា អំពីការធ្វេីអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ។ក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានលេីកឡើងថា ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់ក្រសួងផែនការជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានបណ្ណ សមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺ Covid-19។ ជាមួយគ្នានោះ គណៈប្រតិភូ បានបញ្ជាក់ថា បានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំដើម្បីផ្ដល់ឱកាសឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់ សុំសម្ភាសន៍ដើម្បីទទួលបានប័ណ្ណសមធម៌ក្នុងចន្លោះ ជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនិងដាក់ដំណើរការក្នុងឆ្នាំ២០២០នេះ ៕