កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និងអ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៦០គ្រួសារដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប។គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និងអ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន÷ អង្ករ ២៥ គីឡូក្រាម ទឹកសុីអុីវ ០១ យួរ ទឹកត្រី ០១ យួរ ត្រីខ ១០ កំប៉ុង ម៉ាស់ ០៥ បន្ទះ និងថវិកា ២០,០០០រៀល ផងដែរ ៕