ទីប្រឹក្សាក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើអំពើល្អឲ្យបានច្រើនដើម្បីរស់នៅសុខដុមរមនា

(កំពង់ធំ)៖ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជានាយកនៃសមាគមបេសកកម្មដំណឹងល្អបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើអំពើល្អឲ្យបានច្រើនដើម្បីរស់នៅសុខដុមរមនា ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះចំនួន ៨០គ្រួសារស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កនិងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង ចេង ទីប្រឹក្សាក្រសួងធម្មការ និង សាសនា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើន ។ឯកឧត្តម ខាន់ ខុន បានបន្តថា សមាគមបេសកកម្មដំណឹងល្អជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជំនឿគ្រីស្ទបរិស័ទលើព្រះយេស៊ូវគ្រីស្ទ និង ជួយរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។
ឯកឧត្តមបានបនតទៀតថា ជានិច្ចកាលសមាគមបេសកកម្មដំណឹងល្អតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាក់ស្តែងគ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរា ទទួលបានអំណោយមនុស្សធម៌របស់សមាគមនបេសកកម្មដំណឹងល្អ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។ជាមួយគ្នានេះដែរឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
ឯកឧត្តមបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយដែលត្រូវចែកជូនបងប្អូនចំនួន៨០ គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកត្រី អាហារបំប៉សុខភាព និងសម្ភារៈមួយចំនួនទៀត ។គួរបញ្ជាក់ថាប្រជាពលរដ្ឋ៨០គ្រួសារ ក្នុងនោះឃុំសាលាវិស័យ៤០ គ្រួសារ និងសង្កាត់ស្រយ៉ូវ ៤០ គ្រួសារ ៕